សិក្ខាសាលាតម្រង់ទិសខេត្តបាត់ដំបង

សិក្ខាសាលាតម្រង់ទិសខេត្តបាត់ដំបង

កាលពីថ្ងៃព្រហស្បតិ៍ ៥ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០ នាទី ព្រឹក ដល់ម៉ោង ១៧:០០ នាទី រសៀល អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន សហការជាមួយអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមជំនួយឥតសំណងពីមូលនិធិបរិស្ថានសកល (GEF) តាមរយៈអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានរៀបចំសិក្ខាសាលាស្តីពីការប្រកាសផ្តើមអនុវត្តគម្រោង «លើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប» នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង។

ពិធីបើកសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវត្តមានចូលរួមពីឯកឧត្តម លោក លោកស្រី មកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរ ក្រសួងបរិស្ថាន និងមន្ទីរ មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរកិច្ចការនារី ទីប្រឹក្សាគម្រោង PCRL អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការមិនមែនរដ្ឋាភិបាល ជាតិ និងអន្តរជាតិ នៅក្នុងខេត្ត ក្រុមប្រឹក្សាឃុំតាមតំបន់គោលដៅ) មន្ត្រីកសិកម្មឃុំ អ្នកតំណាងសហគមន៍កសិកម្ម ACs អ្នកតំណាងសហគមន៍តំបន់ការពារ CPA គម្រោង/កម្មវិធី/អង្គការមិនមែនរដ្ឋាភិបាលនៅក្នុងខេត្តបាត់ដំបង និងតំណាងវិស័យឯកជន សរុបចំនួន ១២៦ នាក់ (ក្នុងនោះស្រ្តី ២០ នាក់)។

សិក្ខាសាលាតម្រង់ទិសថ្នាក់ខេត្តនេះ ត្រូវបានរៀបចំឡើងដើម្បី (១) បង្ហាញអំពីគម្រោង PCRL ទៅដល់អ្នកពាក់ព័ន្ធសំខាន់ៗនៅក្នុងខេត្តគោលដៅនីមួយៗ ដើម្បីយល់ដឹងរួមអំពីទិដ្ឋភាពទូទៅនៃគម្រោង, (២) ពិភាក្សាអំពីសកម្មភាពដែលបានស្នើឡើងក្នុងសេចក្តីព្រាងផែនការសកម្មភាព និងថវិកា (AWPB) សម្រាប់ឆ្នាំ២០២៤ ជាមួយភាគីពាក់ព័ន្ធ និងផ្តល់សុពលភាពលើអាទិភាពទីតាំងសហគមន៍កសិកម្ម (Acs) និងសហគមន៍តំបន់ការពារធម្មជាតិ (CPAs) ផែនការការងារ និងតំបន់គោលដៅសម្រាប់អនុវត្ត, (៣) បង្កើតកិច្ចសហការគ្នាធ្វើការក្នុងចំណោម GDA, GDLC, ក្រុមទីប្រឹក្សា, អ្នកសម្របសម្រួលថ្នាក់ខេត្ត, ភាគីពាក់ព័ន្ធ, ដៃគូអនុវត្ត, ACs, CPAs នៅថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាន។

ដំណើរការសិក្ខាសាលានេះ ត្រូវបានចែកចេញជាបីវគ្គរួមមាន​ (១) កម្មវិធីបើកសិក្ខាសាលា និងណែនាំពីគោលបំណង (២) ការធ្វើបទបង្ហាញបច្ចេកទេស និងការបែកចែកក្រុមពិភាក្សា (៣) កម្មវិធីបិទសិក្ខាសាលា៕