អំពី លជធស

អំពី លជធស

ឈ្មោះគម្រោង៖ គម្រោងការលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់ទន្លេសាប (PCRL)
គោលបំណងគម្រោង៖ កាត់បន្ថយភាពងាយរងគ្រោះដោយសារអាកាសធាតុ និងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់សហគមន៍ដែលពឹងផ្អែកលើដំណាំស្រូវនៅតំបន់ទន្លេសាបនៃប្រទេសកម្ពុជា តាមរយៈវិធីសាស្រ្តផ្អែកលើប្រព័ន្ធអេកូឡូស៊ី និងជំរុញចរន្តទីផ្សារ។

ខេត្តគោលដៅ៖ គម្រោងនេះកំពុងដំណើរការនៅក្នុងខេត្តចំនួន ៥ ជុំវិញបឹងទន្លេសាប រួមមានខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ ដែលជាតំបន់មួយក្នុងចំណោមតំបន់ដាំដុះស្រូវសំខាន់ៗទាំងពីររបស់ប្រទេសកម្ពុជា ប៉ុន្តែវាជាតំបន់ដែលសម្បូរទៅដោយទឹកភ្លៀង (មានលទ្ធភាពទទួលបានប្រព័ន្ធធារាសាស្រ្តតិចតួចបំផុត) និងជាទីដែលមានសហគមន៍មានភាពងាយរងគ្រោះច្រើន និងមានសមត្ថភាពបន្សាំតិចតួចទៅនឹងការប្រែប្រួលអាកាសធាតុ។
សមាសភាគនៃគម្រោង៖

សមាសភាគ ១៖ ការកែលម្អបរិយាកាសអំណោយផលសម្រាប់ការបន្សុំាំនឹងការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យស្រូវអង្ករ និងវិស័យអាទិភាពពាក់ព័ន្ធ តាមរយៈការធ្វើគោលនយោបាយ និងផែនការរួមគ្នា។
សមាសភាគ ២៖ ការគាំទ្រប្រព័ន្ធផលិតកម្មធន់នឹងអាកាសធាតុនៅតាមសហគមន៍ផលិតស្រូវ ដើម្បីឱ្យជីវភាពរស់នៅបានប្រសើរឡើង។
សមាសភាគ ៣៖ ការពង្រីកវិសាលភាពបច្ចេកវិទ្យាបន្សុំា និងការអនុវត្តនៅក្នុងខ្សែច្រវាក់តម្លៃដែលបានជ្រើសរើស តាមរយៈភាពជាដៃគូ ទីផ្សារ និងការវិនិយោគ។
សមាសភាគ ៤៖ ការកសាងការគ្រប់គ្រងចំណេះដឹង នវានុវត្តន៍ និងប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃប្រកបដោយប្រសិទ្ធភាព។

ការប្រែប្រួល​អាកាសធាតុ

ការប្រែប្រួល​អាកាសធាតុ កំពុង​បង្ក​ហានិភ័យ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នៅ​ពេល​បច្ចុប្បន្ន ហើយត្រូវបាន​គេ​រំពឹង​ថានឹងកើតមានជាបន្តទៀត​សម្រាប់​ប្រទេស​កម្ពុជា ជាពិសេសចំពោះ​ប្រជាកសិករ។ និន្នាការព្យាករណ៍បានបង្ហាញឱ្យឃើញថា រដូវវស្សាដែលមានភ្លៀងធ្លាក់រឹតតែខ្លាំងជាងមុន (នាំឱ្យមានគ្រោះទឹកជំនន់កើនឡើង) រដូវប្រាំងរឹតតែក្តៅហែង និងរាំងស្ងួតជាងមុន (នាំឱ្យមានគ្រោះរាំងស្ងួតកើនឡើង) ការចាប់ផ្តើមនៃរដូវវស្សាមានភាពយឺតយ៉ាវ និងមានរយៈពេលខ្លីជាងមុន (នាំឱ្យមានគ្រោះរាំងស្ងួតយូរជាងមុន ហើយផលដំណាំរឹតតែខូចខាតច្រើនជាងមុន) ក៏ដូចជាការកើនឡើងភាពប្រែប្រួលនៅក្នុងលំនាំអាកាសធាតុ។ សហគមន៍ដែលពឹងផ្អែកលើវិស័យកសិកម្ម ដូចជានៅតាមតំបន់ទំនាបទន្លេសាប ងាយរងគ្រោះដោយសារការគំរាមកំហែងទាំងនេះ (ការប៉ះពាល់ខ្លាំង ការប្រែប្រួលខ្ពស់) ជាពិសេសចំពោះសហគមន៍ដែលពឹងផ្អែកលើផលិតកម្មពឹងអាស្រ័យលើទឹកភ្លៀងសម្រាប់ផលិតផលដំណាំដែលមានតម្លៃទាប ដូចជាស្រូវជាដើម។ ជាអកុសល សហគមន៍ទាំងនេះ និងស្ថាប័ននានាដែលជួយគាំទ្រពួកគេ ក៏នៅមានសមត្ថភាពទាបក្នុងការបន្សាំផងដែរ ជាពិសេសនៅថ្នាក់ក្រោមជាតិតែម្តង។

វិស័យកសិកម្មកម្ពុជា

ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ​គឺ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​មូលដ្ឋាន​ធនធាន​ធម្មជាតិ​ដ៏​សម្បូរ​បែប​របស់​ប្រទេស​នេះ។ កសិកម្មនៅតែជាវិស័យដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ ដែលតំណាងឱ្យប្រហែល ២៣% នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០១៧។ វិស័យកសិកម្ម ក៏ជាប្រភពចម្បងនៃមុខរបរចិញ្ចឹមជីវិតសម្រាប់ប្រជាជននៅតាមជនបទភាគច្រើន ហើយមានសារៈសំខាន់ចំពោះការកាត់បន្ថយភាពក្រីក្រ និងសន្តិសុខស្បៀងក្នុងគ្រួសារ។

ស្ទើរតែ ៧០% នៃចំនួនប្រជាជនកម្ពុជា គឺជាអ្នកប្រកបរបរកសិកម្ម ដែលក្នុងនោះប្រហែល ៦០% ជាស្ត្រី។ កសិករភាគច្រើន គឺជាអ្នកប្រកបរបរតូចតាច ដោយក្នុងនោះមាន ២១% នៃគ្រួសារគ្មានដី និង ៤៥% ទៀតមានដីតិចជាងមួយហិកតា។ ផលិតកម្មកសិកម្ម ត្រូវពឹងផ្អែកជាខ្លាំងលើទឹកភ្លៀង ហើយត្រូវបានកំណត់លក្ខណៈដោយទិន្នផលទាប និងជីជាតិដីទាបទៅមធ្យម ដែលធ្វើឱ្យវិស័យមួយនេះពឹងផ្អែកជាខ្លាំងលើលក្ខខណ្ឌអាកាសធាតុ។ ស្រូវ គឺជាផលិតផលដំណាំ​ចម្បង​របស់​ប្រទេស​កម្ពុជា ហើយ​ផ្តល់​ប្រមាណ ៧០% នៃ​តម្រូវការ​អាហារូបត្ថម្ភ។ ស្រូវ គឺ​ជា​ដំណាំ​ចម្បង​របស់​ប្រជាកសិករ ក្នុងនោះផលិតកម្ម​ស្រូវ​មាន​ចំនួន ១៥% នៃ​តម្លៃ​កសិកម្ម​បន្ថែម ហើយ​ស្រូវ​គ្របដណ្តប់ចំនួន ៧៥% នៃ​ផ្ទៃដី​ដាំដុះទាំងមូល។ ការផលិត ការកែច្នៃ និងទីផ្សារស្រូវអង្ករ បានផ្តល់ការងារដល់ប្រជាជនក្នុងប្រទេសប្រមាណ ៣ លាននាក់ ដែលច្រើនជាង ២០% នៃចំនួនប្រជាជនសរុបដែលស្ថិតក្នុងវ័យធ្វើការ។

ប្រហែល ៥០% នៃចំនួនស្រូវ (គ្រាប់ស្រូវដែលបានប្រមូលផល មិនទាន់កែច្នៃ) ដែលផលិតក្នុងប្រទេសកម្ពុជា ត្រូវបាននាំចេញទៅប្រទេសជិតខាង (ជាពិសេសវៀតណាម និងថៃ) ដើម្បីយកទៅកិន និងចែកចាយបន្ត ដែលស្តែងឱ្យឃើញពីការបាត់បង់ឱកាសដ៏ធំសម្រាប់ម្ចាស់រោងកិនស្រូវ និងពាណិជ្ជករកម្ពុជាក្នុងការបន្ថែមតម្លៃ ក្នុងការនាំចេញដោយផ្ទាល់ និងក្នុងការបង្កើតការងារធ្វើនៅក្នុងស្រុក។ ដោយសារតែសមត្ថភាពនៅមានកម្រិតក្នុងការអនុលោមតាមស្តង់ដារគុណភាព និងសុវត្ថិភាពចំណីអាហារ ទើបបង្កជាឧបសគ្គរារាំងដល់អ្នកផលិតកម្ពុជាក្នុងការចូលទៅកាន់ទីផ្សារស្រូវអង្ករអន្តរជាតិ ទោះបីជាមានតម្រូវការទីផ្សារខ្លាំងក្លាយ៉ាងណាក៏ដោយ។

ប្រភេទដំណាំស្បៀងចំនួនបួនផ្សេងទៀតដូចជា ពោត ដំឡូងមី សណ្ដែកសៀង និងសណ្តែកខៀវ - គ្របដណ្តប់ប្រមាណ ១៤% នៃផ្ទៃដីដាំដុះរបស់ប្រទេសកម្ពុជា។ ចំណែកដីដែលនៅសេសសល់ចំនួន ៣% ទៀត ត្រូវបានប្រើសម្រាប់ដាំបន្លែ ល្ង សណ្ដែកដី អំពៅ ដំឡូងជ្វា ដំឡូងបារាំង ថ្នាំជក់ និងក្រចៅ។ ដោយឡែកការចិញ្ចឹមសត្វ គឺមានទម្លាប់អនុវត្តតាមបែបប្រពៃណីនៅកម្រិតគ្រួសារតែប៉ុណ្ណោះ។ សត្វគោក្របី បានផ្តល់ប្រយោជន៍ជាច្រើនផ្នែកកសិកម្ម ហើយលាមកសត្វ គឺទុកសម្រាប់ធ្វើជាជីដាក់ដំណាំ និងជាទ្រព្យសម្បត្តិដ៏សំខាន់ក្នុងគ្រួសារនីមួយៗ។ គ្រួសារនៅតាមជនបទជាច្រើន និយមចិញ្ចឹមជ្រូក និងមាន់ជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ។

តើអ្វីដែលជាបញ្ហាចម្បង?

នៅក្នុងសេណារីយ៉ូជាមូលដ្ឋាន ប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងការកើនឡើងនៃភាពងាយរងគ្រោះចំពោះការប្រែប្រួលអាកាសធាតុ រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបង្កើនផលិតកម្មស្រូវផងដែរ។ សមត្ថភាពទាប និងលទ្ធភាពទទួលបានបច្ចេកវិទ្យាតិចតួច គួបផ្សំនឹងបរិយាកាសគោលនយោបាយមិនគ្រប់គ្រាន់ផងនោះ ធ្វើឱ្យអ្នកផលិតត្រូវស្ថិតក្នុងស្ថានភាពងាយរងគ្រោះខ្ពស់ចំពោះហានិភ័យអាកាសធាតុ និងការខាតបង់ ហើយនាំទៅរកការថយចុះបន្តិចម្តងៗនៃការប្រកបរបរចិញ្ចឹមជីវិតដែលពឹងផ្អែកលើកសិកម្ម។ បើ​គ្មាន​កិច្ចអន្តរាគមន៍ពីមូលនិធិជំនួយ LDCF ទេ វិស័យ​កសិកម្ម​របស់ប្រទេស​កម្ពុជា​ នឹង​រង​ការ​ប៉ះពាល់​កាន់​តែ​ខ្លាំង​ឡើងៗ​ក្រោម​ឥទ្ធិពល​នៃ​ការ​ប្រែប្រួល​អាកាសធាតុ។ ផលិតកម្មកសិកម្ម និងជិវភាពរស់នៅ ជាពិសេសចំពោះអ្នកប្រកបរបរតូចតាចភាគច្រើននៅតំបន់ជនបទ នឹងនៅតែរងផលប៉ះពាល់ដោយសារគ្រោះថ្នាក់អាកាសធាតុជាច្រើនយ៉ាង។

ប្រសិនបើគ្មានមូលនិធិ LDCF ការវិនិយោគឯកជនដើម្បីគាំទ្រអ្នកផលិតខ្នាតតូច ក្រុមអ្នកផលិតរួមទាំងនៅក្នុង CPAs ACs និង SMEs ក្នុងទម្រង់នៃការផ្ទេរបច្ចេកវិទ្យា ការរៀបចំកិច្ចសន្យាកសិកម្មតាមទំហំ។ល។ ក៏មិនទំនងជាមាននាពេលបច្ចុប្បន្ននេះដែរ ដោយសារតែហានិភ័យនៃការវិនិយោគពាក់ព័ន្ធ (យ៉ាងហោចណាស់ក្នុងរយៈពេលដ៏ខ្លី នឹងមានបញ្ហានៃការសម្របសម្រួលដែលបានផ្តល់ឱ្យ និងសិទ្ធិកាន់កាប់អសន្តិសុខ)។ ដោយសារតែទំហំដីតិចតួច និងកម្រិតនៃភាពក្រីក្រខ្ពស់នៅក្នុងបណ្តាខេត្តគោលដៅ ទើបបច្ចុប្បន្នកសិករមិនមានធនធានសម្រាប់ទប់ទល់នឹងអាកាសធាតុក្នុងទម្លាប់អនុវត្តកសិកម្ម និងអាជីវកម្មរបស់ពួកគេ ដោយគ្មានការគាំទ្រពីខាងក្រៅបាននោះទេ។ ដោយមើលឃើញថាប្រទេសកម្ពុជា គឺជាប្រទេសអភិវឌ្ឍន៍តិចតួច ថវិការដ្ឋដែលមានសម្រាប់គាំទ្រដល់ប្រភេទនៃសកម្មភាពដែលរំពឹងទុកនៅក្នុងគម្រោងនេះ ក៏នៅមានកម្រិតនៅឡើយ។

គម្រោងនេះ នឹងមិនអាចប្រព្រឹត្តទៅដោយគ្មានការចូលរួមពី LDCF បានឡើយ។ ម្ចាស់ជំនួយសំខាន់ៗផ្សេងទៀតដែលជួយគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកសិកម្ម កំពុងផ្តោតការគាំទ្ររបស់ពួកគេលើគំនិតផ្តួចផ្តើមដែលបញ្ហាការប្រែប្រួលអាកាសធាតុត្រូវបានដាក់ជាចំណុះអាទិភាពផ្សេងទៀត - ឧ. សន្តិសុខស្បៀង ការអភិវឌ្ឍន៍ខ្សែចង្វាក់តម្លៃ និងហិរញ្ញវត្ថុជនបទ។ គម្រោងនេះ បំពេញបន្ថែមនូវគំនិតផ្តួចផ្តើមជាមូលដ្ឋានដោយបើកឱ្យមានការបណ្តាក់ទុនបន្ថែមដោយផ្ទាល់នៅក្នុងផ្នែកបច្ចេកវិទ្យា សមត្ថភាព និងទ្រព្យសកម្មសម្រាប់សហគមន៍ងាយរងគ្រោះ ដែលកំពុងបង្កបង្កើនផលស្រូវនៅជុំវិញអាងទន្លេសាប។