បេសកកម្មចុះមប្រមូលទិន្នន័យក្នុងខេត្តកំពង់ធំ

បេសកកម្មចុះមប្រមូលទិន្នន័យក្នុងខេត្តកំពង់ធំ

កាលពីថ្ងៃទី៦ និងទី៧ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារគម្រោង PCRL ក្រោមកិច្ចសហការជាមួយនាយកដ្ឋានដំណាំស្រូវ, និងនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានចុះបេសកកម្មដើម្បីប្រមូលទិន្នន័យលើប្រព័ន្ធដាំដុះដំណាំស្រូវ និងពូជស្រូវដែលធន់នឹងអាកាសធាតុ។

 គោលដៅនៃបេសសកម្មនេះ គឺដើម្បីកំណត់ទីតាំងសម្រាប់ធ្វើស្រែបង្ហាញ និងផ្តល់ការបង្ហាត់បង្រៀនដល់ក្រុមផលិតស្រូវពូជក្រោមជំនួយគាំទ្រពីគម្រោង PCRL។ ការចុះប្រមូលទិន្នន័យដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងនៅសហគមន៍កសិកម្មចំនួន៣ គឺកកោះក្រៅថ្កុំថ្កើង សំបូរព្រៃគុក និងដំរីស្លាប់មានពន្លឺ ស្ថិតក្នុងស្រុកសន្ទុក ស្រុកប្រាសាទសំបូរ និងស្រុកកំពង់ស្វាយនៃខេត្តកំពង់ធំ។

ជាលទ្ធផល ក្រុមការងារគម្រោង PCRL បានកំណត់ទីតាំងសម្រាប់អនុវត្តស្រែបង្ហាញពូជស្រូវអាយុកាលខ្លីដែលធន់នឹងអាកាសធាតុ។ ក្រុមការងារក៏បានណែនាំអំពីលក្ខន្តិកៈក្នុងការជ្រើសរើសកសិករគំរូ និងបានពិគ្រោះជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំស្ដីពីការផលិតសារពើភណ្ឌលើលក្ខណៈពិសេសទាក់ទងនឹងពូជដែលធន់ទ្រាំនឹងអាកាសធាតុ។ លើសពីនេះ ក្រុមការងារគម្រោងក៏បានបង្កើតកម្មវិធីមួយសម្រាប់ធ្វើស្រែបង្ហាញលើពូជស្រូវ និងបច្ចេកទេសធន់នឹងអាកាសធាតុដែលអាចជួយគាំទ្រដល់បទដ្ឋានស្រូវនិរន្តរភាព ក៏ដូចជាបានបង្ហាត់បង្រៀនដល់ក្រុមផលិតស្រូវ បន្ទាប់ពីទទួលបានការគាំទ្រពូជវិញ្ញាបនបត្រពីគម្រោង PCRL។

ដើម្បីបញ្ជប់ភារកិច្ចនេះដោយជោគជ័យ ក្រុមការងាររគម្រោង PCRL នឹងចុះប្រមូលទិន្នន័យនៅទីវាលជាពីរដំណាក់កាលៈដំណាក់កាលទី១ នឹងត្រូវធ្វើចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ នៅក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប ហើយដំណាក់កាលទី២ នឹងត្រូវធ្វើចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅក្នុងខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។

PCRL គឺជាគំនិតផ្តួចផ្តើមអនុវត្តរួមគ្នាសម្រាប់រយៈពេលប្រាំឆ្នាំ ដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO), អគ្គនាយកដ្ឋានកសិកម្ម (GDA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន (GDLC) នៃក្រសួងបរិស្ថាន ក្រោមជំនួយពីមូលនិធិបរិស្ថានសកល (GEF)។