ការងារចុះត្រួតពិនិត្យនៅមូលដ្ឋានបន្ទាយមានជ័យ

ការងារចុះត្រួតពិនិត្យនៅមូលដ្ឋានបន្ទាយមានជ័យ

កាលពីថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារគម្រោងលើកកម្ពស់ជីវភាពសហគមន៍ PCRL ក្រោមកិច្ចសហជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថាន ខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យសកម្មភាពផលិតស្រូវពូជរបស់ក្រុមផលិតពូជស្រូវក្នុងខេត្តបន្ទាយមានជ័យ។

ការចុះត្រួតពិនិត្យនេះធ្វើឡើងសហគមន៍កសិកម្មរំដួលទានកាំ ស្ថិតក្នុងភូមិទានកាំត្បូង ឃុំទានកាំ ស្រុកព្រះនេតព្រះ និងសហគមន៍តំបន់ការពារធ្មជាតិអាងត្រពាំងថ្ម ស្ថិតក្នុងភូមិសំបួរ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ដំណើរចុះត្រួតពិនិត្យនេះ មានអ្នកចូលរួមសរុបចំនួន៣២នាក់ ស្រី២២នាក់ ក្នុងគោលបំណងដើម្បី៖ ១. គាំទ្រដល់សកម្មភាពផលិតស្រូវពូជរបស់ក្រុមកសិករផលិតនៅឃុំគោលដៅ, ២. លើកទឹកចិត្តដល់ក្រុមកសិករផលិតក្នុងការអនុវត្តផលិតកម្មគ្រាប់ពូជស្រូវតាមប្រព័ន្ធធានាគុណភាពពូជដំណាំ ស្របតាមផែនការរបស់គម្រោង PCRL, និង ៣. ជំរុញការអនុវត្តការដាំដុះស្រូវឱ្យទាន់រដូវកាលក្នុងឆ្នាំ២០២៤នេះ។

ជាលទ្ធផល សមាជិកក្រុមកសិករផលិតពូជស្រូវ បានយល់ដឹងច្រើនពាក់ព័ន្ធនឹងការអនុវត្តផលិតកម្មគ្រាប់ពូជស្រូវតាមប្រព័ន្ធធានាគុណភាពពូជដំណាំ ក្នុងនោះរួមមានការផលិតពូជស្រូវប្រកដោយនិរន្តរភាព វិធានាការថែទាំ ការតាមដានការលូតលាស់ដំណាំស្រូវ និងការទទួលបានជំនួយបច្ចេកទេសពីមន្ត្រីកសិកម្មឃុំគោលដៅ។

សម្រាប់ខេត្តបន្ទាយមានជ័យ គម្រោងបានចែកស្រូវពូជចំនួន ៤៥០០ គីឡូក្រាម (ផ្ការំដួល និងសែនក្រអូប០១) ដល់កសិករសរុបចំនួន ៥៨ គ្រួសារ សម្រាប់ដាំដុះលើផ្ទៃដីសរុបចំនួន ៤៥ ហិកតា។តាមផែនការ ក្រុមកសិករផលិតពូជស្រូវនឹងត្រូវបញ្ចប់ការដាំដុះស្រូវរបស់ពួកគាត់នាដើមខែសីហា ឆ្នាំ២០២៤ ខាងមុខ។

គួររំលឹកផងដែរថាកាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅ គម្រោង PCRL ក្រោមកិច្ចសហការជាមួយដៃគូអនុវត្តគម្រោង បានផ្តល់វគ្គបណ្តុះបណ្តាលដល់សិក្ខាកាម សរុបចំនួន ១៣២ នាក់ (ស្រី៣៥នាក់) រួមមានមន្ត្រីកសិកម្មឃុំ មន្ត្រីកសិកម្ម និងជនបង្គោល PCRL នៃមន្ទីរកសិកម្មខេត្តគោលដៅទាំងប្រាំ។