កិច្ចប្រជុំទីប្រឹក្សាប្រចាំត្រីមាស
កិច្ចប្រជុំទីប្រឹក្សាប្រចាំត្រីមាស
កិច្ចប្រជុំប្រចាំត្រីមាសសម្រាប់ក្រុមទីប្រឹក្សា ត្រូវបានធ្វើឡើងរយៈពេលមួយថ្ងៃនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងសាលប្រជុំនៃអគ្គនាយកដ្ឋានកសិកម្ម ដែលមានអ្នកចូលរួមចំនួន២៦នាក់ (ស្រី៤នាក់)។ គោលបំណងនៃកិច្ចប្រជុំនេះគឺ (១) ដើម្បីបង្ហាញពីសកម្មភាពអាទិភាពសម្រាប់ការអនុវត្តនៅក្នុងសមាសភាគទី២ និងទី៣ របស់គម្រោងលើកកម្ពស់ជីវភាពសហគមន៍ PCRL, (២) ដើម្បីបង្ហាញពីលទ្ធផលសំខាន់ៗ និងការឆ្លុះបញ្ចាំងពីបញ្ហាប្រឈមក្នុងត្រីមាសចុងក្រោយនៃការអនុវត្តគម្រោងនៅថ្នាក់ក្រោមជាតិ និង (៣) ដើម្បីធ្វើបទបង្ហាញសេចក្តីព្រាងឯកសារទស្សនទាននៃកិច្ចការរបស់ទីប្រឹក្សាបណ្តោះអាសន្នចំនួនបីរូប។
ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំ លោក យិន តារា (ទីប្រឹក្សាជាន់ខ្ពស់) និងលោក David Moles (ទីប្រឹក្សាបច្ចេកទេស) បានផ្តល់មតិស្វាគមន៍ និងការណែនាំដល់អង្គប្រជុំ។ ដោយផ្អែកលើរបៀបវារៈ លោក សែ សាត តំណាងទីប្រឹក្សាសម្របសម្រួលគម្រោងទាំងប្រាំ បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពគម្រោង និងការងារទីវាល បន្ទាប់មកលោក ផល ច័ន្ទសត្យា បានធ្វើបទបង្ហាញស្តីពីការងារត្រួតពិនិត្យ និងឆ្លុះបញ្ចាំងពីបញ្ហាប្រឈមក្នុងត្រីមាសចុងក្រោយនៃការអនុវត្តគម្រោងនៅថ្នាក់ក្រោមជាតិ។ បន្ទាប់មក លោក សិន សុវណ្ណដា (ទីប្រឹក្សាផ្នែកកសិកម្មវៃឆ្លាតនឹងអាកាសធាតុ) បានធ្វើបទបង្ហាញស្តីពីសកម្មភាពអាទិភាពសម្រាប់ការអនុវត្តក្រោមសមាសភាគទី២ និងការពិពណ៌នាអំពីភារកិច្ចដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២៤ បន្ទាប់មកលោក ង៉ែត សោភា (ទីប្រឹក្សាផ្នែកខ្សែច្រវាក់តម្លៃកសិកម្ម) បានធ្វើបទបង្ហាញស្តីពីសកម្មភាពអាទិភាពក្រោមសមាសភាគទី៣ ក៏ដូចជា ACs និង CPAs នៅក្នុងខេត្តគោលដៅទាំងប្រាំ (៣០ ACs, ១០ FGs, ៩ LIGs, និង ១៧ CPAs)។
ក្នុងវគ្គធ្វើបទបង្ហាញនាពេលព្រឹក មានសំណួរ-ចម្លើយទាក់ទងនឹងការងារនៅទីវាល ការត្រួតពិនិត្យ វិធានការដោះស្រាយ មេរៀនបទពិសោធន៍ និងផែនការការងារបន្ទាប់សម្រាប់ខេត្តគោលដៅទាំងប្រាំ។ លោក David បានលើកឡើងពីបញ្ហាប្រឈមនានាទាក់ទងនឹងយុទ្ធសាស្ត្រ និងអន្តរាគមន៍លើការចែកគ្រាប់ពូជស្រូវនាពេលថ្មីៗនេះ។ លោកក៏បានពិភាក្សាផងដែរអំពីលក្ខខណ្ឌការងារសម្រាប់ដៃគូដូចជា PMU, GDA, GDLC, PDAFF និង PDoE ដូចដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងប្រតិបត្តិការគម្រោង (OPA)។ ជាមួយគ្នានេះ លោក យិន តារា បានផ្តល់ការបំភ្លឺអំពីការអនុវត្តរបស់ដៃគូអនុវត្ត (IP) ចំនួនបី និងសង្ខេបយន្តការផ្តល់ហិរញ្ញប្បទានតាមប្រភេទ ថវិកា និងនីតិវិធីដែលកំណត់ក្នុង OPA និងលិខិតកិច្ចព្រមព្រៀង (LoA)។
ក្នុងវគ្គពេលរសៀល ទីប្រឹក្សាបណ្តោះអាសន្នទាំងបីរូបបានបង្ហាញសេចក្តីព្រាងឯកសារទស្សនទានរបស់ខ្លួនសម្រាប់កិច្ចការវាយតម្លៃភាពងាយរងគ្រោះ និងហានិភ័យ (VRA) ការកំណត់តំបន់កសិ-អេកូឡូស៊ី (AEZ) ដោយលោក វ៉ន សាវុធ, ការភ្ជាប់ទិន្នន័យឃុំទៅផតថល NCSD ដោយលោក លន់ ពេជ្រតារា, និងផែនការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដោយលោក ចាន់ ដានិត។ ទោះជាយ៉ាងណាក៏ដោយ ពួកគេត្រូវពិនិត្យឡើងវិញ និងកែសម្រួលសេចក្តីព្រាងឯកសារទស្សនទានដោយផ្អែកលើមតិកែលម្អពីក្រុមការងារគម្រោងដើម្បីធ្វើឱ្យវាកាន់តែជាក់លាក់នៅក្នុងលក្ខខណ្ឌនៃវិសាលភាព និងវិធីសាស្រ្ត។
កិច្ចប្រជុំប្រចាំត្រីមាសសម្រាប់ក្រុមទីប្រឹក្សា បានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កាជាច្រើន។ លទ្ធផលទាំងនេះបានរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនៃការអនុវត្តគម្រោង និងការកំណត់សកម្មភាពកែតម្រូវចំពោះបញ្ហាបច្ចេកទេស និងកត្តាប្រឈមនានា។ អ្នកចូលរួមទាំងអស់បានទទួលការយល់ដឹងយ៉ាងច្បាស់អំពីសកម្មភាពអាទិភាព លទ្ធផលសំខាន់ៗ និងការឆ្លុះបញ្ចាំងពីបញ្ហាប្រឈមនៃការអនុវត្តគម្រោង PCRL ។
ជាចុងក្រោយ ទាំងទីប្រឹក្សាសម្រលសម្រួលគម្រោងប្រចាំខេត្ត និងក្រុមទីប្រឹក្សាគម្រោងទាំងអស់ នឹងបន្តធ្វើការប្រកបដោយប្រសិទ្ធភាព ហើយបន្តកិច្ចសម្របសម្រួល និងការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពជាមួយដៃគូពាក់ព័ន្ធទាំងអស់ ជាពិសេសជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថានក្នុងខេត្តគោលដៅរៀងៗខ្លួន។ ចំពោះដៃគូអនុវត្តគម្រោងវិញ ពួកគេត្រូវយល់ និងយកចិត្តទុកដាក់បន្ថែមទៀតចំពោះសកម្មភាពជាក់លាក់របស់ខ្លួនសម្រាប់ការអនុវត្តនាពេលអនាគតដោយផ្អែកលើលិខិតនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា។
កិច្ចប្រជុំក្រុមទីប្រឹក្សាបន្ទាប់នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលដែលកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិស PSC នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខ៕