វគ្គបណ្តុះបណ្តាលផ្នែកទំនាក់ទំនង
វគ្គបណ្តុះបណ្តាលផ្នែកទំនាក់ទំនង
វគ្គបណ្តុះបណ្តាលស្តីពី “ទំនាក់ទំនងដើម្បីការផ្លាស់ប្តូរ Communication4Change” ត្រូវបានរៀបចំឡើងដោយជោគជ័យកាលពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា ជូនដល់មន្ត្រីថ្នាក់ក្រោមជាតិចំនួន ៣៥ នាក់នូវជំនាញផ្នែកទំនាក់ទំនងសំខាន់ៗ ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម និងជលផល ដែលធន់នឹងការប្រែប្រួលអាកាសធាតុនៃប្រទេសកម្ពុជា។
កម្មវិធីនេះត្រូវបានរៀបចំឡើងនៅអគ្គនាយកដ្ឋានកសិកម្មរាជធានីភ្នំពេញ គាំទ្រដោយមូលនិធិបរិស្ថានសកល(GEF) និងអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងជាផ្នែកមួយនៃគម្រោង “ការលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប - PCRL” និងគម្រោង “ការបន្សុំា និងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា- CamAdapt” ក្នុងគោលបំណងលើកកម្ពស់ជំនាញរបស់សិក្ខាកាមក្នុងការសរសេរអត្ថបទរឿង ជំនាញផ្នែកទំនាក់ទំនង និងសមត្ថភាពចូលរួមរបស់អ្នកពាក់ព័ន្ធ។ កម្មវិធីនេះក៏មានវគ្គដែលដឹកនាំដោយអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម កិច្ចពិភាក្សារបស់ក្រុមគណៈកម្មការជំនាញ និងលំហាត់អនុវត្តផ្ទាល់ផងដែរ។
វគ្គបណ្តុះបណ្តាលនេះ គឺជាជំហានដ៏សំខាន់មួយក្នុងផ្តល់ជូនភាគីពាក់ព័ន្ធសំខាន់ៗនូវជំនាញតាមតម្រូវការដើម្បីចែករំលែករឿងរ៉ាវដែលមានឥទ្ធិពល លើកកម្ពស់គោលដៅគម្រោង និងបង្កើនកិច្ចសហការក្នុងការអនុវត្តគម្រោង។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងរួមចំណែកដល់ចក្ខុវិស័យរបស់ប្រទេសកម្ពុជាចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពដល់ការពង្រឹងវិស័យកសិកម្ម និងនេសាទ ដើម្បីដោះស្រាយភាពក្រីក្រ កែលម្អសន្តិសុខស្បៀង និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ កម្មវិធីគោលនយោបាយជាតិចំនួនពីរត្រូវបានដាក់ឱ្យដំណើរការដើម្បីពង្រីកផលិតកម្មកសិកម្ម កែលម្អលទ្ធភាពទទួលបានទីផ្សារ ស្ថិរភាពតម្លៃ និងលើកកម្ពស់ភាពធន់នឹងប្រព័ន្ធអេកូឡូស៊ីនៃសហគមន៍ដែលពឹងអាស្រ័យលើការនេសាទតាមតំបន់ឆ្នេរ៕