ការបណ្តុះបណ្តាល

ការបណ្តុះបណ្តាល

ស្រូវគឺជាដំណាំដ៏សំខាន់សម្រាប់កសិករកម្ពុជាប្រើប្រាស់ជាស្បៀងអាហារប្រចាំថ្ងៃ និងដំណាំសម្រាប់បង្កើនសេដ្ឋកិច្ចផង។ ផ្ទៃដីដំណាំស្រូវគ្របដណ្ដប់ប្រមាណ៧៥% នៃផ្ទៃដីកសិកម្ម ហើយផលិតកម្មដំណាំស្រូវបានចូលរួមចំណែកប្រមាណ១៥% ក្នុងតម្លៃបន្ថែមសរុបនៃផលិតផលកសិកម្ម។ នៅក្នុងឆ្នាំ២០២៣ ផ្ទៃដីដំណាំស្រូវសរុបមានចំនួន៣,៥៥លានហិកតា ក្នុងនោះស្រូវ​វស្សាមាន២,៨៧ លានហិកតា និងស្រូវរដូវប្រាំងមាន០,៦៨លាន​ហិកតា កើនឡើងចំនួន ១៤៦​ ១៨៩ហិកតាស្មើនឹង ៤,៣០% ធៀបនឹងឆ្នាំ២០២២។ បរិមាណ​ផលស្រូវសរុបទទួលបានមានចំនួន ១២,៤៩លាន​តោន (ស្រូវប្រាំងចំនួន៣,១៤លានតោន​ និងស្រូវវស្សាចំនួន៩,៣៥លានតោន) កើនឡើងចំនួន៨៦៨ ៨២៦តោន ស្មើនឹង៧,៤៧% ធៀបឆ្នាំ២០២២។

រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវគោលនយោបាយអទិភាពចំនួន៦ចំណុច ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ដែលក្នុងនោះចំណុចអាទិភាពទី៥និងទី៦ បានផ្តោតជាសំខាន់លើវិស័យកសិកម្ម ពោលគឺចំណុចទី៥៖ ប្រជាកសិករនឹងទទួលបាននូវការគាំពារតាមរយៈការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន ជាពិសេសគឺទទួលបាននូវការធានាតម្លៃកសិផលឱ្យបានសមរម្យ និងចំណុចទី៦៖ រាជរដ្ឋាភិបាលនឹងបញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅគ្រប់ឃុំ-សង្កាត់ដែលមានពលរដ្ឋប្រកបរបរកសិកម្ម និងបង្កើតសហគមន៍កសិករនៅទូទាំងប្រទេស ដើម្បីការ​ពារ​ផលប្រយោជន៍របស់កសិករ។

អាទិភាពទាំងនេះផ្តោតជាពិសេសលើការទ្រទ្រង់ខ្សែច្រវាក់តម្លៃផលិតកម្ម និងដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ហើយដើម្បីរួមចំណែកឆ្ពោះទៅរកអាទិភាពទាំងនេះ គម្រោងការលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុ នៃសហគមន៍ ផលិតស្រូវនៅជុំវិញបឹងទន្លេសាប (PCRL) ដែលអនុវត្តដោយអគ្គនាយកដ្ឋានកសិកម្ម​ ក្រោមហិរញ្ញប្បទានពីមូលនិធិបរិស្ថានសាកល តាមរយៈ​​អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ សហការជាមួយកម្មវិធី WAT4CAM អង្គការហេឡែន ខេលល័រ អន្តរជាតិកម្ពុជា និងទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិ​ការ​អាឡឺម៉ង់ (GIZ) បានផ្តល់ការគាំទ្រដល់មន្រ្តីកសិកម្មឃុំ តាមរយៈវគ្គបណ្ដុះបណ្ដាលបច្ចេកទេសនៅខេត្តគោលដៅរបស់កម្រោង។

វគ្គបណ្តុះបណ្តាលទាំងនេះ ត្រូវបានរៀបចំឡើងនៅខេត្តគោលដៅចំនួន ២៖ វគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពី "ផលិតកម្មគ្រាប់ពូជស្រូវតាមប្រព័ន្ធធានាគុណភាពពូជដំណាំ ផលិតកម្មស្រូវប្រកបដោយនិរន្តរភាព និងកសិអេកូឡូស៊ី និងកសិកម្មកកើតឡើងវិញ"  ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នៅកសិដ្ឋានផលិតពូជស្រូវទួលសំរោងនៃអគ្គនាយកដ្ឋានកសិកម្ម ក្នុងភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានសិក្ខាកាមសរុបចំនួន ៨៤ នាក់  (ស្រី១៩នាក់) រួមមានមន្ត្រីកសិកម្មឃុំ  មន្ត្រីកសិកម្មក្នុងខេត្តគោលដៅ និងក្រុមការងារគម្រោង PCRL នៃមន្ទីរកសិកម្មខេត្តបាត់ដំបង និងបន្ទាយមានជ័យ។ ដោយឡែកវគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពី "វិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម ផលិតកម្មគ្រាប់ពូជស្រូវ និងប្រព័ន្ធផលិតកម្មស្បៀង គិតគូរដល់អាហារូបត្ថម្ភ និងទទួលបានរបបអាហារសុខភាព" ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារគ្លរៀស ក្រុងកំពង់ធំ ដោយមានសិក្ខាកាមសរុបចំនួន ៤៨ នាក់ (ស្រី១៦នាក់) រួមមានមន្ត្រីកសិកម្មឃុំ  មន្ត្រីកសិកម្មក្នុងខេត្តគោលដៅ និងក្រុមការងារគម្រោង PCRL នៃមន្ទីរកសិកម្មខេត្តកំពង់ធំ និងសៀមរាប។

វគ្គបណ្តុះបណ្តាលទាំងពីរនេះ សម្របសម្រួលដោយគ្រូបង្គោលដែលមានសមត្ថភាព នាយកដ្ឋានដំណាំស្រូវ និងនាយកដ្ឋានគ្រាប់ពូជដំណាំនៃអគ្គនាយកដ្ឋានកសិកម្ម និងនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានសម្ភារៈបណ្តុះបណ្តាលដែលត្រូវបានធ្វើបច្ចុប្បន្នភាព និងអនុញ្ញាត ដើម្បីធានាបាននូវព័ត៌មានត្រឹមត្រូវ និងទាន់សម័យត្រូវបានបញ្ជូនទៅអ្នកចូលរួម។ អ្នកចូលរួមទាំងអស់បានទទួលវិញ្ញាបនបត្របគបញ្ជាក់ការចូលរួមវគ្គបណ្តុះបណ្តាល និងកំពុងក្លាយជាគ្រូបណ្តុះបណ្តាលនៅក្នុងតំបន់ និងខេត្តគោលដៅផ្សេងទៀតដោយជំនួយបច្ចេកទេសបន្ថែមពីនាយកដ្ឋានជំនាញពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត។

ក្រោយពីទទួលការបណ្តុះបណ្តាល សិក្ខាកាមទាំងអស់បានប្តេជ្ញាចិត្តយកទៅចំណេះដឹងមូលដ្ឋានដែលបានពីការបណ្តុះបណ្តាលនេះ យកទៅអនុវត្តការងារជាក់ស្តែងនៅតាមឃុំគោលដៅនែខេត្តនីមួយៗ  និងរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវផលិតកម្មគ្រាប់ពូជស្រូវតាមប្រព័ន្ធ ប.គ.ព, ផលិតកម្មស្រូវប្រកបដោយនិរន្តរភាព ក៏ដូចជាការចែកចាយស្រូវដែលមានគុណភាពល្អដល់រោងម៉ាស៊ីនកិនស្រូវ និងធានាឱ្យប្រជាកសិករទទួលបានតម្លៃពិសេសសម្រាប់ផលិតផលរបស់ពួកគេ  ជាពិសេសដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយអាទិភាពទី៥ និងទី៦ នៃការអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយនិរន្តរភាពនៅប្រទេសកម្ពុជា៕

img

វគ្គតម្រង់ទិស

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារគម្រោងលើកកម្ពស់ជីវភាពសហគមន៍ PCRL បានបើកវគ្គតម្រង់ទិសរយៈពេលមួយថ្ងៃ ដើម្បីធានាថាដៃគូអនុវត្តទាំងអស់មានការយល់ដឹងរួមអំពីឧបករណ៍ត្រួតពិនិត្យ និងវាយតម្លៃ និងការគ្រប់គ្រងចំណេះដឹង ការបញ្ជ្រាបយេនឌ័រ និងការបំផុសគំនិតផ្នែកទំនាក់ទំនងរបស់គម្រោង។