ការផ្លាស់ប្តូរចាប់ផ្តើមពីគ្រាប់ពូជដ៏តូចមួយ

ការផ្លាស់ប្តូរចាប់ផ្តើមពីគ្រាប់ពូជដ៏តូចមួយ

នៅភូមិបាក់ត្រកួន ខេត្តពោធិ៍សាត់ ដែលជាខេត្កសម្បូរទៅដោយសកម្មភាពកសិកម្មរស់រវើក លោក វ៉ឺង សូនី កំពុងផ្លាស់ប្តូរទម្លាប់ដាំដុះស្រូវ និងកែប្រែការយល់ដឹងរបស់កសិករស្តីពីសារៈសំខាន់នៃគុណភាពពូជស្រូវ។ លោក សូនី ដាំដុះស្រូវលើផ្ទៃដី ៣ហិកតា ហើយលោកក៏ដាំដំឡូងមី និងកាកាវផងដែរ។ លោកបម្រើការជាអនុប្រធានសហគមន៍កសិកម្មលាចរីកចម្រើន ដែលបានពង្រីកសមាជិកពី ១៨០នាក់ ក្នុងឆ្នាំ២០១២ ដល់ជិត ៣០០នាក់ នាពេលបច្ចុប្បន្ន។

ដូចកសិករខ្នាតតូចដទៃទៀតដែរ លោក សូនី ធ្លាប់ប្រឈមមុខនឹងភាពមិនច្បាស់លាស់ក្នុងផលិតកម្មស្រូវរបស់គាត់។ លោកធ្លាប់ប្រើប្រាស់គ្រាប់ពូជស្រូវមិនសុទ្ធ ហើយអនុវត្តបច្ចេកទេសកសិកម្មតាមតែដំបូន្មានពីអ្នកជិតខាង ឬអ្នកលក់ធាតុចូលកសិកម្មដែលផ្សព្វផ្សាយពីជី និងថ្នាំសម្លាប់សត្វល្អិតដែលមានតម្លៃថ្លៃ។ ទិន្នផលស្រូវរបស់គាត់មិនទៀងទាត់ គុណភាពប្រែប្រួល ហើយគាត់ក៏ជួបបញ្ហាក្នុងការស្វែងរកទីផ្សារដែលមានស្ថិរភាព និងតម្លៃសមរម្យផងដែរ។

គ្រប់យ៉ាងបានចាប់ផ្តើមផ្លាស់ប្តូរនៅក្នុងឆ្នាំ២០២៤ នៅពេលដែលលោកបានចូលរួមជាមួយគម្រោងលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប (PCRL) ដែលគាំទ្រដោយមូលនិធិបរិស្ថានសកល (GEF) និងអនុវត្តដោយអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) សហការជាមួយ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន។

តាមរយៈគម្រោងនេះ លោក សូនី បានទទួលគ្រាប់ពូជស្រូវផ្ការំដួលចុះបញ្ជី ការបណ្តុះបណ្តាល និងការណែនាំបច្ចេកទេសក្នុងការផលិតគ្រាប់ពូជ។ លោកប្រើប្រាស់ដីចំនួន ២ហិកតា សម្រាប់ផលិតគ្រាប់ពូជស្រូវ និង ១ហិកតា សម្រាប់ដាំស្រូវចំណី។ តាមរយៈការអនុវត្តបច្ចេកទេសដែលបានរៀនសូត្រពីគម្រោងដូចជា ការដាំដោយប្រើឧបករណ៍ដាំគ្រាប់ជាជួរ (Drum Seeder) និងការស្ទូង លោកបានកាត់បន្ថយការប្រើប្រាស់គ្រាប់ពូជបានជាងពាក់កណ្តាល ដែលបានជួយសន្សំសំចៃថ្លៃដើម និងជួយឲ្យគាត់ផលិតបានស្រូវដែលកាន់តែរឹងមាំ និងមានគុណភាពប្រសើរជាងមុន។

ក្នុងរដូវប្រមូលផលឆ្នាំ២០២៤ ផ្ទៃដីស្រែរបស់ លោក សូនី បានក្លាយជាទីកន្លែងសិក្សាសម្រាប់កសិករដទៃទៀត។ គម្រោង PCRL បានរៀបចំទិវាស្រែបង្ហាញ ដែលបានភ្ជាប់ទំនាក់ទំនងលោកជាមួយកសិករ អាជ្ញាធរមូលដ្ឋាន អ្នកទិញ និងអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្មនានា។ ការផ្លាស់ប្តូរបទពិសោធន៍ទាំងនេះមិនត្រឹមតែបានផ្តល់នូវទីផ្សារថ្មីសម្រាប់គ្រាប់ពូជរបស់លោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជំរុញទឹកចិត្តកសិករដែលនៅជិតខាងឱ្យទទួលយកការអនុវត្តកសិកម្មស្រដៀងនឹង លោក សូនី ផងដែរ។

លោក សូនី បាន​និយាយ​ទាំងស្នាម​ញញឹម​បន្ទាប់​ពីទើបត្រឡប់មកពីស្រែថា​៖ «​ស្រូវពូជ​លក់​បាន​លឿន​ណាស់ ធ្វើសឹងមិនទាន់​។ ពួកយើងទាំងបួននាក់ដែលបានចាប់ផ្តើមធ្វើស្រូវពូជនេះសុទ្ធតែបានពង្រីកដីហើយ។ រឿងដែលខ្ញុំសប្បាយចិត្តនោះ គឺខ្ញុំឃើញកសិករផ្សេងទៀតចាប់អារម្មណ៍ដែរ។ ពួកគាត់បានឃើញលទ្ធផលផ្ទាល់ភ្នែក ហើយចង់ចូលរួមដោយភាពជឿជាក់ ដោយត្រៀមខ្លួនជាស្រេចដើម្បីធ្វើតាមការដឹកនាំរបស់ពួកយើង»។

ស្របតាមស្មារតីនៃទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២៥ ដែលអំពាវនាវឱ្យមានសកម្មភាពរួមគ្នាដើម្បីបង្កើតប្រព័ន្ធស្បៀងអាហារកាន់តែប្រសើរ រឿងរ៉ាវរបស់ លោក សូនី ឆ្លុះបញ្ចាំងពីបរិវត្តកម្ម ដែលចាប់ផ្តើមនៅកម្រិតសហគមន៍ ពោលគឺចាប់ផ្តើមពីគ្រាប់ពូជមួយរបស់កសិករម្នាក់ នៅក្នុងសហគមន៍មួយ។

លោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា បានលើកឡើងថា «នៅពេលដែលកសិករដូចជា លោក សូនី ដឹកនាំការផ្លាស់ប្តូរពីក្នុងសហគមន៍របស់ពួកគេ វាបង្ហាញថាអ្វីជាភាពធន់ពិតប្រាកដ។ ជាមួយនឹងគ្រាប់ពូជសមស្រប អមដោយចំណេះដឹង និងភាពជាដៃគូជាក់លាក់ កសិករមិនត្រឹមតែអាចលើកកម្ពស់ជីវភាពរបស់ពួកគេប៉ុណ្ណោះទេ ពួកគេក៏កំពុងក្លាយជាបុគ្គលគម្រូសម្រាប់កសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ ដែលអាចបំផុសគំនិតមនុស្សជំនាន់ក្រោយនៅទូទាំងប្រទេសកម្ពុជា»។

ឆ្លងកាត់ភាពជោគជ័យនេះ លោក សូនី មានគោលបំណងចុះឈ្មោះក្រុមអ្នកផលិតគ្រាប់ពូជរបស់គាត់ជាផ្លូវការជាមួយនឹងឈ្មោះ និងនិមិត្តសញ្ញាផ្ទាល់ខ្លួន ដែលអាចឆ្លុះបញ្ចាំងពីអត្តសញ្ញាណ និងមហិច្ឆតារួមគ្នារបស់ពួកគេ ព្រោះគាត់ជឿជាក់ថានេះជាជំហានមួយដែលអាចជួយឱ្យក្រុមរបស់គាត់កាន់តែរឹងមាំ និងពង្រីកទីផ្សារកាន់តែធំទូលាយជាងមុន។ ត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ក្រុមផលិតនេះបានកើនពីសមាជិកបួននាក់ដែលដាំដុះលើផ្ទៃដី ២,៥ហិកតា ទៅដល់សមាជិកដប់នាក់ដែលដាំដុះលើផ្ទៃដីសុរប ១០ហិកតា។

តាមរយៈការគាំទ្រពីគម្រោង PCRL កសិករនៅខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ ជាឧទាហរណ៍ជាក់ស្តែងនៃ "កិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីអាហារកាន់តែប្រសើរ និងអនាគតកាន់តែប្រសើរ" ពោលគឺកសិករ ដៃគូរដ្ឋាភិបាល និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ធ្វើការរួមគ្នា ដើម្បីធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលនោះឡើយ ជាពិសេសនៅក្នុងដំណើរការនៃបរិវត្តកម្មវិស័យកសិកម្មនៅកម្ពុជា។