សិក្ខាសាលា
សិក្ខាសាលា
សិក្ខាសាលាលើកទីមួយ [សិក្ខាសាលាប្រកាសផ្តើសអនុវត្តគម្រោង PCRL] ត្រូវបានធ្វើឡើងដោយជោគជ័យនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមសរុបចំនួន៨២ នាក់ (ស្រី១៩ នាក់)។ នៅទីបញ្ចប់ សិក្ខាសាលាទាំងមូលទទួលបានលទ្ធផលល្អប្រសើរជាងការរំពឹងទុក។ ក្រោយមក សិក្ខាសាលាតម្រង់ទិសថ្នាក់ខេត្ត ត្រូវបានធ្វើឡើងនៅខេត្តសៀមរាបកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធសរុបចំនួន៨៩ នាក់ (ស្ត្រី១៧ នាក់) ពីថ្នាក់ជាតិ និងខេត្តគោលដៅ រួមមានខេត្តសៀមរាប និងខេត្តកំពង់ធំ។
បន្ទាប់មក សិក្ខាសាលាតម្រង់ទិសថ្នាក់ខេត្តមួយទៀត ត្រូវបានធ្វើឡើងនៅខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធសរុបចំនួន១២៦ នាក់ (ស្ត្រី២០ នាក់) មកពីថ្នាក់ជាតិ និងខេត្តគោលដៅ រួមមានខេត្តបាត់ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ។
សិក្ខាសាលាជាច្រើនទៀត នឹងត្រូវរៀបចំឡើងក្នុងចំណោមថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សហគមន៍ ដៃគូ និងអ្នកពាក់ព័ន្ធជាមួយនឹងរបៀបវារៈជាក់លាក់ រួមមានទាំងការដោះស្រាយអាទិភាពនានា បញ្ហាប្រឈម ឧបសគ្គ សំណូមពរ តម្រូវការ និងការច្នៃប្រឌិតដែលកើតចេញពីតួអង្គផ្សេងៗគ្នាទាក់ទងនឹងការអនុវត្តគម្រោង PCRL។ សិក្ខាសាលាទាំងនេះ ក៏នឹងផ្តល់ឱកាសដ៏ល្អសម្រាប់អ្នកពាក់ព័ន្ធផ្សេងៗក្នុងការចែករំលែកទស្សនៈរបស់ពួកគេ ពិភាក្សាអំពីបញ្ហាប្រឈម និងបង្ហាញមេរៀនជាបទសោធន៍ និងការអនុវត្តល្អបំផុត រួមទាំងភាពជោគជ័យរបស់គម្រោងផងដែរ។

សិក្ខាសាលា
សិក្ខាសាលាថ្នាក់ខេត្តស្តីពីការជំរុញផលិតកម្មស្រូវចំណីតាមប្រព័ន្ធពូជសុទ្ធ និងពិធីចែកពូជស្រូវសុទ្ធចុះបញ្ជីដល់ក្រុមកសិករផលិតស្រូវពូជសុទ្ធវិញ្ញាបនបត្រ ត្រូវបានរៀបចំឡើងដោយជោគជ័យក្នុងខេត្តគោលដៅទាំងប្រាំរបស់គម្រោងការលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប (PCRL)។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី២៤ ដល់ ២៨ ខែមិថុនា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមសរុបជាង២០០ នាក់ ក្នុងគោលដំណងដើម្បី៖ (១) បង្កើនការយល់ដឹងអំពីប្រព័ន្ធពូជសុទ្ធទៅក្នុងចំណោមកសិករផលិតស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវក្នុងតំបន់។ (២) ប៉ាន់ប្រមាណតម្រូវការសម្រាប់ពូជស្រូវវិញ្ញាបនបត្រក្នុងរដូវដាំដុះបន្ទាប់ ដោយឆ្លងកាត់ការប្រមូលមតិយោបល់ជាមួយក្រុមអ្នកផលិតស្រូវ និងរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក។ (៣) អនុវត្តពិធីប្រគល់ និងទទួលពូជស្រូវសុទ្ធចុះបញ្ជីដែលផ្តល់ដល់ក្រុមកសិករផលិតពូជស្រូវក្រោមកិច្ចអន្តរាគមន៍ពីគម្រោង PCRL។

សិក្ខាសាលាពិគ្រោះយោបល់
រាជរដ្ឋាភិបាលកម្ពុជា បានទទួលហិរញ្ញប្បទានឥតសំណងពីមូលនិធិបរិស្ថានពិភពលោក (GEF) តាមរយៈអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។ គោលបំណងរួមរបស់គម្រោងគឺ៖ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះដោយសារអាកាសធាតុ និងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់សហគមន៍ដែលពឹងផ្អែកលើដំណាំស្រូវនៅតំបន់បឹងទន្លេសាបនៃប្រទេសកម្ពុជា តាមរយៈវិធីសាស្រ្តផ្អែកលើប្រព័ន្ធអេកូឡូស៊ី និងជំរុញចរន្តទីផ្សារ។

សិក្ខាសាលាតម្រង់ទិសខេត្តបាត់ដំបង
កាលពីថ្ងៃព្រហស្បតិ៍ ៥ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០ នាទី ព្រឹក ដល់ម៉ោង ១៧:០០ នាទី រសៀល អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន សហការជាមួយអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមជំនួយឥតសំណងពីមូលនិធិបរិស្ថានសកល (GEF) តាមរយៈអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានរៀបចំសិក្ខាសាលាស្តីពីការប្រកាសផ្តើមអនុវត្តគម្រោង «លើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប» នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង។

សិក្ខាសាលាតម្រង់ទិសខេត្តសៀមរាប
អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន (GDLC) នៃក្រសួងបរិស្ថាន (MoE) ក្នុងកិច្ចសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម (GDA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានរៀបចំសិក្ខាសាលាតម្រង់ទិសស្តីពីគម្រោងការលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប (PCRL) ក្រោមជំនួយមូលនិធិបរិស្ថានពិភពលោក (GEF) នៅក្នុងខេត្តសៀមរាបនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ដោយទទួលបានការចូលរួមពីភាគីពាក់ព័ន្ធសរុបចំនួន ៨៩ នាក់ (ស្រ្តី ១៧ នាក់) មកពីថ្នាក់ជាតិ និងខេត្តគោលដៅរួមមាន ខេត្តសៀមរាប និងកំពង់ធំ។

សិក្ខាសាលាប្រកាសដំណើរការគម្រោង
កាលពីថ្ងៃព្រហស្បតិ៍ ១២ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៨:៣០ នាទី ព្រឹក ដល់ម៉ោង ១៧:០០ នាទី រសៀល អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន ក្រោមជំនួយឥតសំណងពីមូលនិធិបរិស្ថានសកល (GEF) តាមរយៈអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានរៀបចំសិក្ខាសាលាស្តីពីការប្រកាសផ្តើមអនុវត្តគម្រោង «លើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប» នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។