សិក្ខាសាលា

សិក្ខាសាលា

សិក្ខាសាលាថ្នាក់ខេត្តស្តីពីការជំរុញផលិតកម្មស្រូវចំណីតាមប្រព័ន្ធពូជសុទ្ធ និងពិធីចែកពូជស្រូវសុទ្ធចុះបញ្ជីដល់ក្រុមកសិករផលិតស្រូវពូជសុទ្ធវិញ្ញាបនបត្រ ត្រូវបានរៀបចំឡើងដោយជោគជ័យក្នុងខេត្តគោលដៅទាំងប្រាំរបស់គម្រោងការលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប (PCRL)។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី២៤ ដល់ ២៨ ខែមិថុនា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមសរុបជាង២០០ នាក់ ក្នុងគោលដំណងដើម្បី៖ (១) បង្កើនការយល់ដឹងអំពីប្រព័ន្ធពូជសុទ្ធទៅក្នុងចំណោមកសិករផលិតស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវក្នុងតំបន់។ (២) ប៉ាន់ប្រមាណតម្រូវការសម្រាប់ពូជស្រូវវិញ្ញាបនបត្រក្នុងរដូវដាំដុះបន្ទាប់ ដោយឆ្លងកាត់ការប្រមូលមតិយោបល់ជាមួយក្រុមអ្នកផលិតស្រូវ និងរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក។ (៣) អនុវត្តពិធីប្រគល់​ និងទទួលពូជស្រូវសុទ្ធចុះបញ្ជីដែលផ្តល់ដល់ក្រុមកសិករផលិតពូជស្រូវក្រោមកិច្ចអន្តរាគមន៍ពីគម្រោង PCRL។

ការបង្កើតប្រព័ន្ធធានាគុណភាពគ្រាប់ពូជស្រូវ ដោយគាំទ្រដល់ក្រុមអ្នកផលិតគ្រាប់ពូជ​ស្រូវឱ្យ​ទទួលបានការចុះបញ្ជីទទួលស្គាល់គុណភាព ក្នុងការផលិតនិងចែកចាយដល់ក្រុមកសិករផលិតស្រូវចំណី និងផ្គត់ផ្គង់ដល់រោងម៉ាស៊ីនកិនស្រូវ គឺជាផែនការយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។​ យន្តការនេះគឺដើម្បីធានាថាផលិតផលស្រូវពូជមានការធានាគុណភាពសម្រាប់កសិករទិញយកទៅប្រើប្រាស់ បង្កើនគុណភាពផលិតកម្មស្រូវ បង្កើនភាពធន់នឹងអាកាសធាតុ ក៏ដូចជាជំរុញដល់រោងម៉ាស៊ីនកែឆ្នៃស្រូវអង្ករឱ្យផលិតជាអង្ករមានគុណភាពដែលអាចបំពេញតម្រូវការរបស់អតិថិជនទាំងក្នុង និងក្រៅប្រទេស។

កិច្ចអន្តរគមន៍របស់គម្រោង PCRL លើការចែកពូជស្រូវដល់ក្រុមកសិករផលិតស្រូវពូជដែលបានជ្រើសរើសចេញពីសហគមន៍កសិកម្ម និងក្រុមកសិករផលិតនៅក្នុងតំបន់ការពារធម្មជាតិ ដែលបានកំណត់ជាក្រុមគោលដៅរបស់គម្រោងក្នុងខេត្តទាំងប្រាំ៖ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។ ក្នុងផែនការសកម្មភាពឆ្នាំ២០២៤ គម្រោងបានផ្តោតសំខាន់លើពូជស្រូវរបស់ជាតិ​រួមមាន ផ្ការំដួល និងពូជសែនក្រអូប-០១ ព្រោះពូជទាំងនេះគឺជាពូជអាទិភាពកំណត់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការពិចារណាបន្ថែមទៀតនឹងត្រូវធ្វើឡើង ដើម្បីឈានទៅរកការកំណត់ប្រភេទពូជស្រូវដែលធន់ ហើយដែលនឹងត្រូវបញ្ចូលទៅក្នុងប្រព័ន្ធផលិតកម្មគ្រាប់ពូជស្រូវក្នុងឆ្នាំបន្តបន្ទាប់ទៀត។

ក្នុងសកម្មភាពគាំទ្រដល់ដំណើរការពង្រីកផលិតកម្មស្រូវពូជ និងប្រព័ន្ធទីផ្សារស្រូវពូជ គម្រោងរួមបញ្ចូលនូវសកម្មភាពជាច្រើន ដែលដឹកនាំដោយនាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម ដោយសហការជាមួយដៃគូផ្សេងទៀតរួមមាន នាយកដ្ឋានពូជដំណាំ វិទ្យាស្ថានអភិវឌ្ឍន៍កសិកម្មកម្ពុជា និងវិទ្យាស្ថានស្រូវ-អង្ករអន្តរជាតិ​។ សកម្មភាពទាំងនេះរួមមានការរៀបចំសម្ភារៈបណ្តុះបណ្តាលបច្ចេកទេសផលិតស្រូវពូជថ្មីៗដល់ក្រុមកសិករផលិត និងការបង្កើតគំរូអាជីវកម្មសមស្របតាមតំបន់នីមួយៗសម្រាប់សហគមន៍កសិកម្ម និងក្រុមកសិករផលិតនៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីការផលិត និងការធ្វើទីផ្សារគ្រាប់ពូជស្រូវវិញ្ញាបនបត្រ៕