កសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ គឺជាវិធីសាស្រ្តដែលជួយណែនាំដល់សកម្មភាពក្នុងការផ្លាស់ប្តូរប្រព័ន្ធកសិកម្មឆ្ពោះទៅរកការអនុវត្តដែលមានលក្ខណៈបៃតង ហើយធន់នឹងអាកាសធាតុ។ កសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ មានវិមាត្រចម្បងចំនួនបី៖
១. ការបង្កើនផលិតភាព និងប្រាក់ចំណូលកសិកម្មប្រកបដោយចីរភាព
២. ការសម្របខ្លួន និងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និង
៣. រួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដោយការលុបបំបាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់ តាមដែលអាចធ្វើទៅបាន។
នៅប្រទេសកម្ពុជា ប្រព័ន្ធកសិកម្មបច្ចុប្បន្នផ្តោតលើការអនុវត្តផលិតកម្មតាមទម្លាប់ធម្មតា ដែលប្រឈមនឹងភាពងាយរងគ្រោះខ្ពស់ដោយសារការប្រែប្រួលអាកាសធាតុ ខណៈដែលការបង្កលក្ខណៈឱ្យមានការបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យកសិកម្មនៅមានភាពទន់ខ្សោយ ជាពិសេសក្នុងផលិតកម្មស្រូវ។ តាមរយៈការអនុវត្តកសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ គម្រោង PCRL នឹងជំរុញឱ្យមានការច្របាច់បញ្ចូលគ្នារវាងភាពធន់នឹងអាកាសធាតុទៅក្នុងប្រព័ន្ធកសិកម្មដែលមានមូលដ្ឋានលើផលិតកម្មស្រូវ ហើយនឹងអាចសម្រេចបាននូវលទ្ធផលតាមរយៈការកំណត់ឱ្យឃើញនូវការអនុវត្តបច្ចេកវិទ្យាទាំងឡាយណាដែលអាចបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្រិតកសិដ្ឋាន និងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាទាំងនេះតាមរយៈការធ្វើស្រែបង្ហាញ និងកម្មវិធីសាលាស្រែកសិករ បន្ថែមដោយកញ្ចប់វិនិយោគខ្នាតតូចនៅក្នុងសហគមន៍ ដើម្បីជំរុញឱ្យមានការទទួលយកមកអនុវត្តឱ្យបានទូលំទូលាយនូវបច្ចេកវិទ្យាទាំងនោះ និងដើម្បីពង្រឹងខ្សែច្រវាក់តម្លៃស្រូវ ក៏ដូចជាពិពិធកម្មដំណាំតាមរយៈយន្តការលើកទឹកចិត្តផ្អែកលើទីផ្សារ។
វិធីសាស្រ្តអនុវត្តកសិកម្មវៃឆ្លាតទៅនឹងអាកាសធាតុក្នុងក្របខណ្ឌគម្រោង PCRL គឺដើម្បីកាត់បន្ថយភាពងាយរងគ្រោះដោយសារអាកាសធាតុ និងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់ប្រជាសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាបនៃប្រទេសកម្ពុជា តាមរយៈការអនុវត្តវិធីសាស្រ្តផលិតកម្មផ្អែកលើប្រព័ន្ធអេកូឡូស៊ី និងជំរុញចរន្តទីផ្សារ៕