គម្រោងការលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប PCRL ធ្វើការនៅក្នុងខេត្តគោលដៅចំនួន ៥ ជុំវិញបឹងទន្លេសាប រួមមានខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ ដែលគ្របដណ្តប់ឃុំសរុបចំនួន ៤០ ក្នុង ២៤ ស្រុក ដែលជាតំបន់ដាំដុះស្រូវវស្សាដ៏សំខាន់ និងជាសហគមន៍ងាយរងគ្រោះដែលមានការបន្សុំាតិចតួចទៅនឹងការប្រែប្រួលអាកាសធាតុ។
នៅក្នុងសេណារីយ៉ូជាមូលដ្ឋាន ប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងការកើនឡើងនៃភាពងាយរងគ្រោះចំពោះការប្រែប្រួលអាកាសធាតុ រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបង្កើនផលិតកម្មស្រូវផងដែរ។ សមត្ថភាពទាប និងលទ្ធភាពទទួលបានបច្ចេកវិទ្យាតិចតួច គួបផ្សំនឹងបរិយាកាសគោលនយោបាយមិនគ្រប់គ្រាន់ផងនោះ ធ្វើឱ្យអ្នកផលិតត្រូវស្ថិតក្នុងស្ថានភាពងាយរងគ្រោះខ្ពស់ចំពោះហានិភ័យអាកាសធាតុ និងការខាតបង់ ហើយនាំទៅរកការថយចុះបន្តិចម្តងៗនៃការប្រកបរបរចិញ្ចឹមជីវិតដែលពឹងផ្អែកលើកសិកម្ម។ បើគ្មានកិច្ចអន្តរាគមន៍ពីមូលនិធិជំនួយសម្រាប់ប្រទសកំពុងអភិវឌ្ឍន៍តិចតួច (LDCF) ទេនោះ វិស័យកសិកម្មរបស់ប្រទេសកម្ពុជានឹងរងផលប៉ះពាល់កាន់តែខ្លាំងឡើងៗក្រោមឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។ ផលិតកម្មកសិកម្ម និងជិវភាពរស់នៅ ជាពិសេសចំពោះអ្នកប្រកបរបរតូចតាចភាគច្រើននៅតំបន់ជនបទ នឹងនៅតែរងផលប៉ះពាល់ដោយសារគ្រោះថ្នាក់អាកាសធាតុជាច្រើនយ៉ាង។
ដោយសារតែទំហំដីតិចតួច និងកម្រិតនៃភាពក្រីក្រខ្ពស់នៅក្នុងបណ្តាខេត្តគោលដៅ ទើបបច្ចុប្បន្នកសិករមិនមានធនធានសម្រាប់ទប់ទល់នឹងអាកាសធាតុក្នុងទម្លាប់អនុវត្តកសិកម្ម និងអាជីវកម្មរបស់ពួកគេ ដោយគ្មានការគាំទ្រពីខាងក្រៅបាននោះទេ។ ដោយមើលឃើញថាប្រទេសកម្ពុជា គឺជាប្រទេសអភិវឌ្ឍន៍តិចតួច ថវិការដ្ឋដែលមានសម្រាប់គាំទ្រដល់ប្រភេទនៃសកម្មភាពដែលរំពឹងទុកនៅក្នុងគម្រោងនេះ ក៏នៅមានកម្រិតនៅឡើយ។