សិក្ខាសាលាពិគ្រោះយោបល់
សិក្ខាសាលាពិគ្រោះយោបល់
រាជរដ្ឋាភិបាលកម្ពុជា បានទទួលហិរញ្ញប្បទានឥតសំណងពីមូលនិធិបរិស្ថានពិភពលោក (GEF) តាមរយៈអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។ គោលបំណងរួមរបស់គម្រោងគឺ៖ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះដោយសារអាកាសធាតុ និងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់សហគមន៍ដែលពឹងផ្អែកលើដំណាំស្រូវនៅតំបន់បឹងទន្លេសាបនៃប្រទេសកម្ពុជា តាមរយៈវិធីសាស្រ្តផ្អែកលើប្រព័ន្ធអេកូឡូស៊ី និងជំរុញចរន្តទីផ្សារ។
គម្រោងនេះមានរយៈពេលប្រាំឆ្នាំ (ចាប់ពីខែមិថុនា ឆ្នាំ២០២២ ដល់ ខែមិថុនា ឆ្នាំ២០២៧) និងគ្របដណ្តប់ខេត្តចំនួនប្រាំនៅជុំវិញបឹងទន្លេសាប ដែលជាតំបន់មួយក្នុងចំណោមតំបន់ដាំដុះស្រូវសំខាន់ៗទាំងពីររបស់ប្រទេសកម្ពុជា។ តំបន់នេះសម្បូរទៅដោយទឹកភ្លៀង ប៉ុន្តែមានលទ្ធភាពទទួលបានប្រព័ន្ធធារាសាស្រ្តតិចតួចបំផុត ហើយប្រជាជនដែលរស់នៅទីនោះភាគច្រើនគឺជាសហគមន៍ដែលមានភាពងាយរងគ្រោះច្រើន និងមានសមត្ថភាពបន្សាំតិចតួចទៅនឹងការប្រែប្រួលអាកាសធាតុ។
ដើម្បីសម្រេចបាននូវគោលបំណងនេះ ក្រុមការងារគម្រោងលើកស្ទួយជីវភាព PCRL បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីយុទ្ធសាស្រ្តទំនាក់ទំនង ការត្រួតពិនិត្យ និងវាយតម្លៃ និងយុទ្ធសាស្រ្តក្នុងការបញ្ជ្រាបយេនឌ័រ នៅថ្ងៃទី៧ និងទី៨ ខែឧសភា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមសរុបចំនួន៤១នាក់ (ស្រី ៧នាក់) ពីដៃគូអនុវត្ត និងអ្នកពាក់ព័ន្ធសំខាន់ៗ រួមមាននាយកដ្ឋានពាក់ព័ន្ធនៃអគ្គនាយកដ្ឋានកសិកម្ម និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរបរិស្ថាន វិញយាស្ថាន IRRI, អង្គការ WCS និងអ្នកសម្របសម្រួលថ្នាក់ខេត្ត (PCs) មកពីខេត្តគោលដៅចំនួនប្រាំ។
គោលបំណងរួមនៃសិក្ខាសាលាគឺដើម្បី (១) ព្រមព្រៀងលើយុទ្ធសាស្ត្រទំនាក់ទំនងសម្រាប់គម្រោង PCRL, (២) កំណត់ជនគោលដៅ តួនាទី និងទំនួលខុសត្រូវរបស់តួអង្គអនុវត្តគម្រោងក្នុងការគាំទ្រយុទ្ធសាស្ត្រ និងយន្តការទំនាក់ទំនង, (៣) ឧបករណ៍ត្រួតពិនិត្យ និងវាយតម្លៃ ការគ្រប់គ្រងចំណេះដឹង, (៤) យុទ្ធសាស្រ្តក្នុងការបញ្ជ្រាបយេនឌ័រ។
ជាលទ្ធផល បន្ទាប់ពីសិក្ខាសាលាពិគ្រោះយោបល់រយៈពេលពិរថ្ងៃនេះ សិក្ខាកាមទាំងអស់រួមមានដៃគូអនុវត្តគម្រោង និងអ្នកពាក់ព័ន្ឋសំខាន់ៗ បានយល់ដឹងអំពីសកម្មភាពរបស់គម្រោង PCRL ទាំងមូល ឈ្វេងយល់ពីឧបករណ៍ត្រួតពិនិត្យ និងវាយតម្លៃ និងយុទ្ធសាស្រ្តនៃការបញ្រ្ជាបយេនឌ័រ ក៏ដូចជាបានផ្តល់ធាតុចូលសំខាន់ៗសម្រាប់កែលម្អយុទ្ធសាស្រ្តទំនាក់ទំនង ការត្រួតពិនិត្យ និងវាយតម្លៃ និងយុទ្ធសាស្រ្តនៃការបញ្ជ្រាបយេនឌ័រ។ ទន្ទឹមនឹងនេះ គ្រប់ដៃគូអនុវត្តទាំងអស់ នឹងបន្តសហការក្នុងការអនុវត្តផែនការសកម្មភាពរបស់គម្រោងនៅតាមតំបន់គោលដៅនៃខេត្តទាំងប្រាំគឺ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ៕