សិក្ខាសាលាប្រកាសដំណើរការគម្រោង

សិក្ខាសាលាប្រកាសដំណើរការគម្រោង

កាលពីថ្ងៃព្រហស្បតិ៍ ១២ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៨:៣០ នាទី ព្រឹក ដល់ម៉ោង ១៧:០០ នាទី រសៀល អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន ក្រោមជំនួយឥតសំណងពីមូលនិធិបរិស្ថានសកល (GEF) តាមរយៈអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានរៀបចំសិក្ខាសាលាស្តីពីការប្រកាសផ្តើមអនុវត្តគម្រោង «លើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប» នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។

សិក្ខាសាលាស្តីពីការប្រកាសផ្តើមអនុវត្តគម្រោង «លើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប» ត្រូវរៀបចំឡើងដើម្បី (១) បង្ហាញអំពីទិដ្ឋភាពទូទៅរបស់គម្រោងរួមមាន គោលបំណង សកម្មភាព និងវិធីសាស្ត្រអនុវត្ត (២) ពិភាក្សាកំណត់ផែនការសកម្មភាព រួមទាំងសូចនាករក្នុងគោលបំណងនីមួយៗ ជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្តល់សុពលភាពលើផែនការអាទិភាពរបស់គម្រោង (៣) ប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីអនុវត្តគម្រោងឲ្យមានប្រសិទ្ធភាព និង (៤) បង្កើនកិច្ចសហការរវាងដៃគូ និងភាគីពាក់ព័ន្ធសំខាន់ៗនៅគ្រប់កម្រិត។

ពិធីបើកសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម​ ក្រសួងកិច្ចការនារី តំណាងអង្គការ FAO ដៃគូអភិវឌ្ឍន៍ តំណាងមន្ទីរកសិ​ក​ម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងមន្ទីរបរិស្ថាន នៃខេត្តគោលដៅទាំង ៥ របស់គម្រោង ​ ព្រមទាំងអង្គការជាតិ អន្តរជាតិ តំណាងសហគមន៍កសិកម្ម សមាគមន៍កសិករ និងវិស័យឯកជន សរុបចំនួន៨២នាក់ (ក្នុងនោះស្រ្តី១៩នាក់)។

ដំណើរការសិក្ខាសាលានេះ ត្រូវបានចែកចេញជាបីវគ្គរួមមាន​ (១) កម្មវិធីបើកសិក្ខាសាលា និងណែនាំពីគោលបំណង (២) ការធ្វើបទបង្ហាញបច្ចេកទេស និងការបែកចែកក្រុមពិភាក្សា (៣) កម្មវិធីបិទសិក្ខាសាលា។

នៅទីបញ្ចប់ សិក្ខាសាលាទាំងមូលទទួលបានលទ្ធផលល្អប្រសើរលើសពីការរំពឹងទុក និងត្រូវបានប្រកាសបិទដោយលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាមួយនឹងសុន្ទរកថាបិទដ៏គួរឱ្យចាប់អារម្មណ៍។

សូមស្វែងរកឯកសារពាក់ព័ន្ធទាំងអស់នៃសិក្ខាសាលានៅទីនេះ៖ https://drive.google.com/drive/folders/
1760zDy4dPa8WfPxTv4s82VZbyVlMphUv?usp=sharing

ហ្វេសប៊ុក ភាសា ខ្លឹមសារ ចាត់ជាផ្នែក ប្រភេទ ទំហំឯកសារ
សិក្ខាសាលា 0.41 MB 07-Mar-2024
សិក្ខាសាលា 0.49 MB 07-Mar-2024
សិក្ខាសាលា 0.37 MB 07-Mar-2024
សិក្ខាសាលា 0.39 MB 07-Mar-2024