កិច្ចប្រជុំ PSC 1
កិច្ចប្រជុំ PSC 1
កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំទន្លេបាសាក់ II អង្គភាពគ្រប់គ្រងគម្រោងនៃ “គម្រោងការលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប (PCRL)” បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសលើកដំបូងរបស់ខ្លួនក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសរបស់គម្រោង PCRL។
នៅក្នុងកិច្ចប្រជុំនេះ ក៏មានវត្តមានចូលរួមរបស់ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការតម្រង់ទិស, ឯកឧត្តម ស៊ី រ៉ាមុនី អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមមូលដ្ឋាននៃក្រសួងបរិស្ថាន, កញ្ញា Rebekah BELL តំណាង FAO ប្រចាំប្រទេសកម្ពុជា, សមាជិកគណៈកម្មការតម្រង់ទិស, តំណាងអង្គការដៃគូអនុវត្ត ព្រមទាំងសមាជិកនៃអង្គភាពគ្រប់គ្រងគម្រោង សរុបចំនួន ២៩ នាក់ (ស្រី៤នាក់)។
កិច្ចប្រជុំលើកដំបូងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈម និងសកម្មភាពកែតម្រូវមួយចំនួនក្នុងយុទ្ធសាស្ត្រអនុវត្តគម្រោង ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមនានា ក៏ដូចជាពិនិត្យកែសម្រួលលើផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ ២០២៤ របស់គម្រោងផងដែរ។
ជាលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មការតម្រង់ទិស និងក្រុមការងារសម្រេចបាននូវការព្រមព្រៀងលើចំណុចសំខាន់ៗ ដូចខាងក្រោម៖
១. ធ្វើការពិនិត្យឡើងវិញលើលទ្ធភាពក្នុងការផ្លាស់ប្តូរ ឬជ្រើសរើសសហគមន៍ និងឃុំគោលដៅថ្មីបន្ថែម និងបញ្ចូលខេត្តកំពង់ឆ្នាំងជាខេត្តគោលដៅ បន្ថែមឱ្យបានចំនួន ៦ ខេត្តនៃតំបន់ជុំវិញបឹងទន្លេសាប។
២. កែសម្រួលផែនការសកម្មភាពមួយចំនួនដើម្បីឱ្យឆ្លើយតបនឹងក្របខ័ណ្ឌគោលនយោបាយអាទិភាពថ្មី របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ជុំវិញការអភិវឌ្ឍសហគមន៍កសិកម្មទំនើប កិច្ចសហការ និងការបណ្តុះបណ្តាលមន្រ្តីកសិកម្មឃុំ ដែលរដ្ឋាភិបាលបាននិងកំពុងដាក់ពង្រាយនៅតាមឃុំគោលដៅនៃគម្រោង បង្កើនសមត្ថភាពកសិករលើការបន្ស៉ុំាទៅនឹងការប្រែប្រួលអាកាសធាតុ បច្ចេកទេសក្នុងការធ្វើកសិកម្មវៃឆ្លាត ដើម្បីជំរុញការផលិតស្រូវ និងការបន្សុទ្ធពូជស្រូវនានា ពិសេសពូជផ្ការំដួល និងពូជសែនក្រអូប។ ដោយឡែក ក្រសួងបរិស្ថានផ្តោតសំខាន់លើការងារទាក់ទងនឹងការប្រែប្រួលអាកាសធាតុ បរិស្ថាន ការអភិវឌ្ឍន៍បៃតង និងជីវភាពសហគមន៍ក្នុងតំបន់ការពារធម្មជាតិ។
៣. ការសម្របសម្រួលលើការពន្លឿនលំហូរថវិកាសម្រាប់អនុវត្តគម្រោង ពន្លឿនក្នុងការជ្រើសរើសបុគ្គលិក ដែលនៅសេសសល់ និងពិនិត្យលើលទ្ធភាពហិរញ្ញវត្ថុសម្រាប់ការទិញសម្ភារៈការិយាល័យបន្ថែម។
៤. ការពន្លឿនក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង LoAs ជាមួយអង្គការដៃគូអនុវត្តទាំងបី ដើម្បីអនុវត្តសកម្មភាពជាក់លាក់ជាច្រើនរបស់គម្រោងដែលបានកំណត់រួច។
៥. ការស្វែងរកប្រភពសហហិរញ្ញប្បទានសំខាន់ៗបន្ថែមទៀតសម្រាប់អនុវត្តគម្រោង PCRL តាមរយៈគម្រោង/ដៃគូផ្សេងទៀត។
ជាចុងក្រោយនៃកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ និង ឯកឧត្តមបណ្ឌិត ងិន ឆាយ បានផ្តល់អនុសាសន៍មួយចំនួន ជាពិសេសលើការស្នើឱ្យពិនិត្យឡើងវិញចំពោះផែនការសកម្មភាពរបស់គម្រោង PCRL សម្រាប់ឆ្នាំ ២០២៤ និងកំណត់សកម្មភាពអាទិភាពសំខាន់ៗដែលឆ្លើយតបនឹងគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម និងបរិស្ថាន ជាពិសេសទាក់ទងនឹងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ការផលិតស្រូវ (ពូជស្រូវដែលមានការទទួលស្គាល់) និងកិច្ចសហការគាំទ្រដល់មន្រ្តីកសិកម្មឃុំនៅតាមឃុំគោលដៅរបស់គម្រោង៕