ការងារចុះមូលដ្ឋាននៅខេត្តបន្ទាយមានជ័យ
ការងារចុះមូលដ្ឋាននៅខេត្តបន្ទាយមានជ័យ
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ លោកបណ្ឌិត ជូ ជ័យធិរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងជាតំណាងគម្រោង PCRL បានដឹកនាំកិច្ចប្រជុំជាមួយសហគមន៍កសិកម្មបុរីអវិវឌ្ឍន៍ ស្ថិតនៅភូមិប្រឡាយលុងលើ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោង PCRL ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល AC និងមន្រ្តីកសិកម្មឃុំ (CAOs) និងសមាជិកសហគមន៍ចំនួន ៣៦ នាក់ទៀត ក្នុងនោះស្ត្រី ៩ នាក់។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីណែនាំអំពីគម្រោង PCRL ដល់ឃុំគោលដៅ និងផ្សព្វផ្សាយយុទ្ធសាស្ត្រអនុវត្តគម្រោង និងលក្ខណៈវិនិច្ឆ័យជ្រើសរើស ACs តាមតំបន់គោលដៅ និងដៃគូអនុវត្ត។
ជាលទ្ធផលនៃកិច្ចប្រជុំនេះ តំណាងរបស់ AC បានផ្តល់ធាតុចូលមួយចំនួនលើលទ្ធភាពនៃការបង្កើត AC ដោយបានបំភ្លឺថាសហគមន៍កសិកម្មបុរីអភិវឌ្ឍន៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ និងបានចាប់ផ្តើមអាជីវកម្មដំបូងផ្នែកឥណទានខ្នាតតូច។ បច្ចុប្បន្ន AC មានសមាជិកសរុបចំនួន ៣,០០៤ នាក់ ដែលមានតម្លៃដើមទុនសរុបចំនួន ១៥២,១៥០,០០០រៀល។ អាជីវកម្មបច្ចុប្បន្នរួមមានការជួញដូរស្រូវ ការផ្គត់ផ្គង់ធាតុចូលកសិកម្ម ការផលិតគ្រាប់ពូជ និងឥណទានខ្នាតតូច។
បន្ទាប់ពីការធ្វើបទបង្ហាញរួចមក ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានជម្រាបជូនយើងអំពីគោលនយោបាយអាទិភាពជាតិ និងរបៀបដែលគម្រោង PCRL ត្រូវបានផ្សារភ្ជាប់ដើម្បីគាំទ្រគោលនយោបាយនេះ។ លោក យិន តារា ទីប្រឹក្សាបច្ចេកទេសជាតិជាន់ខ្ពស់នៃ PCRL បានផ្តល់ព័ត៌មានបន្ថែមអំពីសាវតាគម្រោង និងបានលើកឡើងពីសកម្មភាពសំខាន់ៗដែលពាក់ព័ន្ធនឹងដៃគូអនុវត្តគម្រោង និងអត្ថប្រយោជន៍ផ្សេងទៀតចំពោះ ACs គោលដៅទាំងអស់ និងក្រុមអ្នកផលិតនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ (CPAs)។ លើសពីនេះ គេបានទទួលស្គាល់ថាមន្រ្តីកសិកម្មឃុំ (CAOs) នឹងដើរតួនាទីសំខាន់ក្នុងការគាំទ្រសកម្មភាពនៅមូលដ្ឋានរបស់គម្រោង PCRL ហើយតំណាង AC បានសម្តែងការពេញចិត្ត និងឆន្ទៈក្នុងការគាំទ្រ និងសហការជាមួយគម្រោង PCRL ។
មុននឹងបញ្ចប់កិច្ចប្រជុំ លោកបណ្ឌិត ជូ ជ័យធិរិទ្ធ បានបន្ថែមថា សហគមន៍កសិកម្មទំនើប (MAC) ដែលជាគោលនយោបាយអាទិភាពមួយរបស់រដ្ឋាភិបាល នឹងអាចជាមធ្យោបាយល្អសម្រាប់ធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការអាជីវកម្ម AC ព្រោះវាកំពុងអនុវត្តជាមួយជាង ២,០០០ គ្រួសារនៅក្នុងឃុំ។ លោកបានលើកទឹកចិត្តថា AC គួរតែមានការកត់ត្រាទិន្នន័យឱ្យបានត្រឹមត្រូវ ដែលនឹងមានប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍នាពេលអនាគត។