ប្រកាសព័ត៌មានបើកដំណើរការគម្រោង
ប្រកាសព័ត៌មានបើកដំណើរការគម្រោង
រាជធានីភ្នំពេញ, ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ – រាជរដ្ឋាភិបាលកម្ពុជាបានទទួលហិរញ្ញប្បទានឥតសំណងពីមូលនិធិបរិស្ថានសកល (GEF) តាមរយៈអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) សម្រាប់អនុវត្តគម្រោង “ការលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប (PCRL)”។
ដើម្បីប្រកាសផ្តើមអនុវត្តគម្រោងនេះ អគ្គនាយកដ្ឋានកសិកម្ម (GDA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF), អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន (GDLC) នៃក្រសួងបរិស្ថាន (MoE) និងដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការ FAO បានរៀបចំសិក្ខាសាលាប្រកាសផ្តើមអនុវត្តគម្រោងនៅថ្ងៃនេះ។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីបង្ហាញអំពីទិដ្ឋភាពទូទៅរបស់គម្រោងដល់ភាគីពាក់ព័ន្ធ ទទួលយោបល់ត្រឡប់ និងពិភាក្សាអំពីសកម្មភាពព្រមទាំងយុទ្ធសាស្ត្រក្នុងការអនុវត្តដើម្បីសម្រេចបានលទ្ធផលតាមការគ្រោងទុក។
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់នូវតម្រូវការជាក់លាក់ក្នុងការជួយដល់កសិករខ្នាតតូចដើម្បីលើកកម្ពស់ជីវភាព សន្តិសុខស្បៀងជាតិ សេដ្ឋកិច្ច និងប្រព័ន្ធកសិកម្មដែលធន់នឹងអាកាសធាតុ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួនពីរសម្រាប់វិស័យកសិកម្មតាមរយៈការណែនាំយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានដែលលើកកម្ពស់ផលិតកម្មកសិកម្ម ការទទួលបានទីផ្សារ និងស្ថិរភាពតម្លៃក្នុងកម្រិតសមហេតុផល ក៏ដូចជាការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងបង្កើតសហគមន៍កសិកម្មនៅតាមជនបទ។
ឯកឧត្តមបណ្ឌិតបានបន្តថា៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការអភិវឌ្ឍវិស័យកសិកម្មដែលជាវិស័យអាទិភាពមួយដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងជាប្រភពចម្បងនៃមុខរបរចិញ្ចឹមជីវិតសម្រាប់ប្រជាជនរស់នៅតាមជនបទភាគច្រើន។
ក្រសួងបរិស្ថាន តាមរយៈអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានកំណត់គោលដៅជាយុទ្ធសាស្រ្តអាទិភាពក្នុងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ដោយផ្តោតលើការបង្កើត និងបង្កើនពិពិធកម្មមុខរបរដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងដើម្បីបង្កើនចំណូលពីការប្រកបរបរកសិកម្ម ការរៀបចំសេវាអេកូទេសចរណ៍ និងមុខរបរដទៃទៀតដែលមិនប៉ះពាល់ទៅដល់ធនធានធម្មជាតិនៅក្នុងតំបន់។
លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ អាងទន្លេសាបមិនគ្រាន់តែជាតំបន់ភូមិសាស្ត្រដែលមានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសរសៃឈាមសម្រាប់ប្រជាជនកម្ពុជារាប់លាននាក់ដែលពឹងផ្អែកលើធនធានសម្រាប់ការចិញ្ចឹមជីវិតប្រចាំថ្ងៃ។
លោកជំទាវបានមានប្រសាសន៍បន្ថែមថា៖ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នឹងអនុវត្តគម្រោង PCRL ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍នៅជុំវិញតំបន់ទន្លេសាប ការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវចម្រុះ ជាពិសេសដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ទាំងផ្នែកបរិស្ថាន សេដ្ឋកិច្ច សង្គម វប្បធម៌ និងនយោបាយ។
លោកបណ្ឌិត ជូ ជ័យធីរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម បានមានប្រសាសន៍ថា៖ គម្រោងនេះមានគោលបំណងដើម្បីកាត់បន្ថយភាពងាយរងគ្រោះដោយសារអាកាសធាតុរបស់សហគមន៍ដាំស្រូវ និងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់ប្រជាសហគមន៍ដាំស្រូវនៅតំបន់បឹងទន្លេសាប តាមរយៈការអនុវត្តវិធីសាស្រ្តផលិតកម្មកសិកម្មផ្អែកលើប្រព័ន្ធអេកូឡូស៊ី និងជំរុញចរន្តទីផ្សារ។
ឯកឧត្តមបណ្ឌិត ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានមានប្រសាសន៍បន្ថែមថា៖ គម្រោងនេះនឹងអាចបំពេញបន្ថែមលើគំនិតផ្តួចផ្តើមជាមូលដ្ឋានរបស់អគ្គនាយកដ្ឋានកសិកម្ម តាមរយៈការវិនិយោគផ្នែកបច្ចេកវិទ្យា នវានុវត្តន៍ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ការពង្រឹងសមត្ថភាពដល់មន្រ្តីពាក់ព័ន្ធ និងសហគមន៍ងាយរងគ្រោះដែលដាំដុះដំណាំស្រូវ ក៏ដូចជាពង្រឹងរចនាសម្ព័ន្ធនៃផលិតកម្មកសិកម្ម ជាពិសេសការអភិវឌ្ឍន៍វិស័យកសិកម្ម និងកាត់បន្ថយភាពងាយរងគ្រោះរបស់សហគមន៍ដោយសារការប្រែប្រួលអាកាសធាតុ។
គម្រោង PCRL អនុវត្តក្នុងខេត្តគោលដៅនៅជុំវិញបឹងទន្លេសាបចំនួន៥ គឺខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ដែលជាតំបន់ដាំដុះដំណាំស្រូវដ៏សំខាន់ដែលមានភ្លៀងធ្លាក់ច្រើន ប៉ុន្តែលទ្ធភាពប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រមានកម្រិត និងជាទីដែលសហគមន៍ងាយរងគ្រោះភាគច្រើនមានលទ្ធភាពបន្សុំាតិចតួចទៅនឹងការប្រែប្រួលអាកាសធាតុ។
កញ្ញា Rebekah Bell តំណាងអង្គការ FAO ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ ក្រោមគម្រោងក្របខណ្ឌនៃគម្រោង PCRL, អង្គការ FAO ក៏រីករាយផងដែរក្នុងការសហការជាដៃគូជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ឆ្ពោះទៅរកផលិតកម្មកសិកម្មចម្រុះទូលំទូលាយ ការស្តារឡើងវិញនូវព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ី ដើម្បីផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍន៍កសិកម្មប្រកបដោយនិរន្តរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ផលិតស្រូវដែលរស់នៅជុំវិញបឹងទន្លេសាប។
កញ្ញា Rebekah Bell បានបន្ថែមថា៖ តាមរយៈកិច្ចសហការនេះ, អង្គការ FAO និងរាជរដ្ឋាភិបាលកម្ពុជាអាចផ្តល់ការគាំទ្រប្រកបដោយប្រសិទ្ធភាពសម្រាប់វិស័យស្បៀង និងកសិកម្ម ដោយផ្តោតលើឱកាសសេដ្ឋកិច្ច និងបរិស្ថានសម្រាប់កសិករខ្នាតតូចក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ព័ត៌មានបន្ថែម៖
លោក យស់ កាតង់ អ្នកជំនាញផ្នែកទំនាក់ទំនងគម្រោង PCRL
អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
អាសយដ្ឋាន៖ #54B/49F, ផ្លូវ 395-656, សង្កាត់ទឹកល្អក់៣, ខណ្ឌទួលគោក, ភ្នំពេញ, កម្ពុជា
អ៊ីម៉ែល៖ info@pcrl.org ទូរសព្ទ៖ 077 878 001
គេហទំព័រ៖ www.pcrl.org