សិក្ខាសាលាឆ្លុះបញ្ចាំង AWPB2025

សិក្ខាសាលាឆ្លុះបញ្ចាំង AWPB2025

កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ គម្រោងលើកកម្ពស់ជីវភាពសហគមន៍ PCRL ក្រោមហិរញ្ញប្បទានឥតសំណងពីមូលនិធិបរិស្ថានពិភពលោក (GEF) តាមរយៈអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានរៀបចំសិក្ខាសាលាស្តីពីការឆ្លុះបញ្ចាំងនូវវឌ្ឍនភាពនៃការអនុវត្តគម្រោង ឆ្នាំ២០២៤ និងការរៀបចំផែនការសកម្មភាព ឆ្នាំ២០២៥ នៅខេត្តសៀមរាប។

សិក្ខាសាលានេះ ត្រូវបានចូលរួមពីអ្នកពាក់ព័ន្ធសំខាន់ៗសរុបចំនួន ៨៤ ស្រ្តី១៩នាក់ ដែលរួមមានអង្គភាពគ្រប់គ្រងគម្រោង ក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ទីប្រឹក្សាអន្តរជាតិ និងជាតិនៃគម្រោង PCRL មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថាននៃខេត្តគោលដៅទាំង៥ដៃគូអនុវត្តគម្រោង (IPs)​ រួមមាន IRRI, WCS, និង CiRD និងមន្រ្តីកសិកម្មឃុំផងដែរ។

គោលបំណងនៃសិក្ខាសាលានេះ គឺ (១) ដើម្បីពិនិត្យឡើងវិញនូវសមិទ្ធិផលនៃការអនុវត្តគម្រោងទាំងមូលក្នុងឆ្នាំ២០២៤ និងកំណត់ពីឧបសគ្គនិងការលំបាកដែលបានជួបប្រទះ និងចងក្រងទុកជាមេរៀនបទពិសោធន៍។ (២) ដើម្បីឈានដល់កិច្ចព្រមព្រៀងលើវិសាលភាពនៃសកម្មភាពគម្រោងក្រោមសមាសភាគនីមួយៗសម្រាប់ឆ្នាំ២០២៥ និងធ្វើឱ្យមានសុពលភាពសកម្មភាពអាទិភាព និងថវិកាសម្រាប់ការអនុវត្ត។ និង (៣) ដើម្បីគាំទ្រដល់ការកសាងក្រុម និងពង្រឹងភាពស៊ីសង្វាក់គ្នារវាងដៃគូអនុវត្ត និងអ្នកពាក់ព័ន្ធគម្រោងសំខាន់ៗទាំងអស់នៅគ្រប់កម្រិត។ នៅក្នុងសិក្ខាសាលានេះផងដែរ ក៏មានការពិភាក្សាក្រុមដោយផ្តោតលើការពិនិត្យឡើងវិញនូវសកម្មភាពដែលបានស្នើឡើងវិធីសាស្រ្តអនុវត្ត ពេលវេលាអនុវត្ត តួនាទី និងការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធគម្រោង។

បន្ទាប់ពីបានចូលរួមក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះរួចមក ភាគីពាក់ព័ន្ធទាំងអស់បានយល់ដឹងរួមអំពីគោលដៅ និងគោលបំណងរបស់គម្រោងទាំងមូល និងការអនុវត្តគម្រោងកាលពីឆ្នាំកន្លងទៅ និងបានចូលរួមធ្វើឱ្យមានសុពលភាពនូវសកម្មភាពគម្រោងក្រោមសមាសភាគនីមួយៗនៃសេចក្តីព្រាងផែនការ AWPB ២០២៥ ផងដែរ។ ភាគីពាក់ព័ន្ធទាំងអស់ នឹងពង្រឹងភាពជាដៃគូ និងការសហការគ្នាក្នុងចំណោមដៃគូអនុវត្តទាំង៣ អ្នកពាក់ព័ន្ធសំខាន់ៗ និងដៃគូអភិវឌ្ឍន៍នៅគ្រប់កម្រិត ដើម្បីអនុវត្តគម្រោងនេះបានជោគជ័យតាមផែនការដែលបានកំណត់។

គួរបញ្ជាក់ផងដែរថា គម្រោង PCRL អនុវត្តរួមគ្នាដោយអគ្គនាយកដ្ឋានកសិកម្ម (GDA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន (GDLC) នៃក្រសួងបរិស្ថាន (MoE)។ គម្រោងនេះទទួលបានការគាំទ្របច្ចេកទេស និងប្រតិបត្តិការពីអង្គការដៃគូចំនួន៣រួមមាន វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CiRD) ដែលជាអ្នលផ្តល់ការគាំទ្របច្ចេកទេស។