ការងារចុះត្រួតពិនិត្យសកម្មភាពផលិតពូជស្រូវ
ការងារចុះត្រួតពិនិត្យសកម្មភាពផលិតពូជស្រូវ
កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារគម្រោងលើកកម្ពស់ជីវភាពសហគមន៍ PCRL ខេត្តបាត់ដំបង សហការជាដៃគូជាមួយវិទ្យាស្ថាន IRRI បានចុះធ្វើការវាយតម្លៃរហ័សជាលើកដំបូងជាមួយក្រុមអ្នកផលិតពូជស្រូវ (RSPG) ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ក្នុងអំឡុងពេលចុះវាយតម្លៃនេះ ក្រុមការងារគម្រោងបានត្រួតពិនិត្យសកម្មភាពផលិតពូជស្រូវរបស់ក្រុមអ្នកផលិតនៅភូមិទូលធ្នង់ និងភូមិក្រឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងបានពិភាក្សាអំពីការអនុវត្តកសិកម្មនាពេលបច្ចុប្បន្ន ភាពងាយរងគ្រោះនៃអាកាសធាតុ និងលទ្ធភាពទទួលបានធនធាន។
ផ្អែកលើលិខិតកិច្ចព្រមព្រៀង, IRRI នឹងជួយដល់គម្រោង PCRL ក្នុងនាមជាដៃគូអនុវត្ត (IP) ដែលនឹងរួមចំណែកគាំទ្រដល់ការចងក្រងសម្ភារៈបណ្តុះបណ្តាល, រៀបចំការបណ្តុះបណ្តាលគ្រូបង្គោល (TOTs) សម្រាប់ភាគីពាក់ព័ន្ធ, បង្កើតគំរូអាជីវកម្មសមស្របសម្រាប់កសិករ និងក្រុមផលិតដើម្បីប្រើប្រាស់ក្នុងការផលិតគ្រាប់ពូជវិញ្ញាបនបត្រ, ពង្រឹងសមត្ថភាពរបស់ស្ថាប័នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់គុណភាពគ្រាប់ពូជនៅថ្នាក់ជាតិ និងខេត្ត, និងអនុវត្តការវាយតម្លៃតម្រូវការបច្ចេកវិទ្យា និងការសិក្សាពីសមិទ្ធលទ្ធភាពជាមុនសម្រាប់ដំណោះស្រាយផ្អែកលើកម្មវិធី (app-based solution ) ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុរបស់ភាគីពាក់ព័ន្ធ។
PCRL គឺជាគំនិតផ្តួចផ្តើមអនុវត្តរួមគ្នាសម្រាប់រយៈពេលប្រាំឆ្នាំ ដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO), អគ្គនាយកដ្ឋានកសិកម្ម (GDA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន (GDLC) នៃក្រសួងបរិស្ថាន ក្រោមជំនួយពីមូលនិធិបរិស្ថានសកល (GEF)។